បណ្ដាញសង្គមខ្មែរ Like Cambodia នឹងក្លាយជាបណ្ដុំអាជីវកម្មសម្រាប់គ្រប់ម្ចាស់ជំនួញទាំងអស់ក្នុងប្រទេស។លោក ស៊ាន វណ្ណារិទ្ធិ អ្នកបង្កើត Like Cambodia បញ្ជាក់ថា ដោយសារបច្ចុប្បន្នមានអ្នកប្រើប្រាស់នៅកម្ពុជាគាំទ្របណ្ដាញ សង្គមវ័យក្មេងរបស់លោកច្រើន ថ្ងៃអនាគតលោក នឹងបន្ថែមមុខងារលើ Store ក្នុងបណ្ដាញសង្គមនេះ ដើម្បីបម្រើដល់អាជីវកម្មគ្រប់ប្រភេទទូទាំងប្រទេស ស្រដៀងគ្នានឹងកម្មវិធី TripAdvisor ដែរ។
មុខងារ Store លើ Like Cambodia ស្ថាបនិករូបនេះថា នឹងដាក់គ្រប់ព័ត៌មានរបស់ហាង សណ្ឋាគារ និងអាជីវកម្មជាច្រើនផ្សេងទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការទិញឥវ៉ាន់ កក់សណ្ឋាគារនៅតាមតំបន់ទេសចរណ៍ក្នុងប្រទេស និងប្រើប្រាស់សេវាកម្មជាច្រើនផ្សេងទៀត។
លោក វណ្ណារិទ្ធ ឲ្យដឹងថា បច្ចុប្បន្នមានអ្នកប្រើប្រាស់បណ្តាញសង្គម Like Cambodia ប្រមាណជាង ២ពាន់នាក់ និងមានការទាញយកលើ Play Store ប្រមាណជាង ៦ ០០០ ដង។ស្ថាបនិកដែលប្រើពេល ២ ឆ្នាំបង្កើតបណ្ដាញសង្គមសម្រាប់ខ្មែរនេះ ថាលោក នៅតែមានទស្សនៈវិជ្ជមានចំពោះអ្វីដែលលោកបានបង្កើត ព្រោះមានពលរដ្ឋខ្មែរជាច្រើននៅតែគាំទ្រស្នាដៃរបស់លោក ហើយលោកនឹងព្យាយាមអស់លទ្ធភាពអភិវឌ្ឍបណ្ដាញសង្គមក្មេងខ្ចី Like Cambodia កាន់តែប្រសើរឡើង៕
ប្រភព៖ sabay
