ប្រជាពលរដ្ឋ ចាញ់បោក​ក្រុមហ៊ុន EBC អស់​លុយ​ជិត ៨ សែន​ដុល្លារ សុំ​ឲ្យ​ប្រធាន​សភា និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ


ភ្នំពេញ​: ប្រជាពលរដ្ឋ ដែល​ចាញ់បោក ក្រុមហ៊ុន Empire Big Capital Limited (EBC) ចំនួន​៣១១​គ្រួសារ នៅ​តាម​បណ្តា​រាជធានី ខេត្ត មាន​ដូច​ជា នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តតាកែវ បាន​នាំ​គ្នា​មក​ដាក់​ញ្ញត្តិ នៅ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​អន្តរាគមន៍ រឿង​ក្រុមហ៊ុន​បោក​លុយ ប្រជាពលរដ្ឋ​ជិត ៨ សែន​ដុល្លារ​។
នៅ​ក្នុង​ញ្ញត្តិ​របស់ ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Empire Big Capital Limited ដែល​មាន​ល​លោក ស៊ា​ន តាន់ ជា​ប្រធាន​ប្រតិបត្តិការ របស់​ក្រុមហ៊ុន (EBC) ដែល​មាន​ទីតាំង នៅ​ក្រុង​ហុងកុង ក្រុមហ៊ុន​នេះ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា ជាមួយ​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) ដែល​មាន​លោក ហួត សុវណ្ណ ជា​ប្រធាន និង​សមាគម​អ្នក​ប្រឹក្សា​យោបល់ វិនិយោគ​អ្នក​វិនិយោគ​។
ក្រុមហ៊ុន បាន​ធ្វើ​ប្រតិបត្តិការ ប្រមូល​ទុន​ពី​ប្រជាពលរដ្ឋ ជា​ច្រើន​ម៉ឺន​នាក់ តាម​បណ្តា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣ មក ដោយ​សន្យា​ថា នឹង​ផ្តល់​ផល​ចំណេញ ជា​ភាគលាភ ១០% ក្នុង​មួយ​ខែ ហើយ​រយៈពេល ១៨ ខែ ក្រោយ​ក្រុមហ៊ុន នឹង​សង​ប្រាក់​ដើម​ទាំងអស់ ត្រឡប់​មក​ឲ្យ​អ្នក​វិនិយោគ​វិញ​។ ក្រុមហ៊ុន បាន​ផ្សព្វផ្សាយ ជា​សាធារណៈ ដោយ​មាន​ធ្វើ​សិក្ខាសាលា និង​ចុះ​ផ្សាយ តាម​ព័ត៌មាន​នានា ស្តី​ពី​គម្រោង​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​ជឿ​ទុកចិត្ត​។
ដោយ​បាន​មើលឃើញ ផល​ចំណេញ​ខ្ពស់ ប្រជាពលរដ្ឋ ក៏​បាន​ខ្ចីប្រាក់​ពី​ធនាគារ និង​ចងការ​ប្រាក់ ឯកជន​ផង​ដែរ ដើម្បី​យក​មក​ដាក់ នៅ​ក្រុមហ៊ុន​នេះ តែ​បន្ទាប់​ពី​ក្រុមហ៊ុន បាន​បិទ​ការ​ធ្វើ​បណ្តាញ​ទីផ្សារ ដ៏​ដូច​ជា​ឈប់​ទ​ទួ​លួ​ទុន​វិនិយោគ ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ក​ន្ល​មក និង​លែង​ផ្តល់​ភាគលាភ ១០% ដល់​អ្នក​វិនិយោគ ក្នុង​ខែកក្កដា ឆ្នាំ​២០១៥​។ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន ផ្តល់​ប្រាក់​ដើម​ទាំងអស់ មក​ឲ្យ​អ្នក​វិនិយោគ​វិញ នៅឡើយ​ទេ​។
ពាក់ព័ន្ធ​ករណី​នេះ លោក​ហួត សុវណ្ណ អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​ជា​ប្រធាន​សមាគម អ្នក​ប្រឹក្សា​យោបល់ វិនិយោគ​អ្នក​វិនិយោគ បាន​ប្តឹង​ពី​ក​ក្រុមហ៊ុន Empire Big Capital Limited (EBC) ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត និង​ប្តឹង​លោក ស៊ា​ន តាន់ ជនជាតិ​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​ក្រុមហ៊ុន Grandhill Biotech និង​បាន​ទាមទារ​ប្រាក់​ដើម ចំនួន ៥៥.០៤៤.០០០ លាន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​សំណង​ជំងឺ​ចិត្ត ខាតបង់​ពេលវេលា និង​សេវា​ផ្លូវច្បាប់ ចំនួន ២០ លាន​ដុល្លារ​។
តុលាការ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក ស៊ា​ន តាន់ ចូលខ្លួន​ឆ្លើយ​បំភ្លឺ តែ​លោក ស៊ា​ន តាន់ មិន​បាន​ចូល​ទេ ដោយ​គេចខ្លួន​បាត់​។ នៅ​ខែមីនា ខាង​មុខ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ និង​ប្រកាស​សាលក្រម លើ​សំណុំរឿង​នេះ​។ បន្ទាប់​ពី​សាលក្រម​ចេញ​រួច នឹង​មានការ​សហការ រវាង​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី និង​ប៉ូលិស​អន្តរជាតិ ដើម្បី​អនុវត្ត​នីតិវិធី ចាត់វិធានការ​លើ​លោក ស៊ា​ន តាន់​៕




 ប្រភព៖ everyday