ចិត្ត​ដាច់​ម្ល៉េះ បង​ទៅ​ហេតុអី​ក៏​មិន​លា​អូន​និង​កូន​មួយ​ម៉ាត់​សោះ


ស្នាម​ញញឹម​ សំឡេង​សើច ទៅ​ណា​បាត់​អស់​ហើយ? គ្រួសារ​ដែល​ធ្លាប់​មាន​សុភមង្គល ត្រូវ​ស្ងប់​ស្ងាត់​បែប​នេះ​ឬ? កំហុស​អ្នក​ណា​ឲ្យ​ប្រាកដ? អូន​ឬ​បង? ខ្ញុំ​បាន​បរា​ជ័យ​លើ​ជីវិត​គូ​នេះ​ម្ដង​ហើយ ខ្ញុំ​ពិត​មិន​ចង់​ស្គាល់​វាជា​លើក​ទី​២​ឬ​ទី​៣​ទេ បង​ដឹង​អត់?

រូបតំណាង
យប់​នោះ​ម៉េច​ខ្ញុំ​ មិន​ទៅជា​មួយ​បង​អញ្ចឹង? មក​ពី​ខ្ញុំ​គ្មាន​វិញ្ញាណ​ទី៦ បើ​បាន​ដឹង​ហេតុការណ៍​មុន​ អូន​មិន​បណ្ដោយឲ្យ​បង​ទៅ​តែ​ឯង​បែប​នេះ​ទេ។​
ខ្ញុំ៖ បងកា​​ អូន​ពាក់​រ៉ូប​នេះ​ សម​អត់? ការ​គេ​នៅ​កោះ​ពេជ្រ​ផង ជួយ​មើល​គ្នា​តិច​មើល៍!! មើល​ទៅ​ដូច​មិន​សម​សោះ​ (​យក​លេស​មិន​ចង់​ទៅ)
ប្ដី៖ អត់​ទេ ប្រពន្ធ​បង​ពាក់​អី​ក៏​សម​ដែរ...
ខ្ញុំ៖ អត់​ទេ​ អូន​មិន​ទៅ​ទេ​ខ្មាសគេ​ណាស់​ ធាត់​ជាង​មុន​ពាក់​អី​ក៏​មិន​សម​ដែរ។
គាត់​លួង​ប៉ុន្មាន​ដង​តែ​ខ្ញុំ​នៅ​ច​ចេស មិន​ចង់​ទៅ។
ប្ដី៖ ​បង​ខ្ជិល​និយាយណាស់ ប្រកែក​មិន​ឈ្នះ​ទេ...(គាត់​មួ​ម៉ៅ)
និយាយ​ចប់​គាត់​ជិះ​ម៉ូតូ ទៅ​ទាំង​មិន​លា​ខ្ញុំ​មួយ​មាត់... ខ្ញុំ​បាន​ត្រឹម​តែ​​នឹក​គិត​ក្នុង​ចិត្ត​ថា ចាំ​មើល​​មក​វិញ អូន​នឹង​ធ្វើ​ឲ្យ​បង​ឯង​ភ្ញាក់​ផ្អើល​ម្ដង (ត្រៀម​កាដូ​ជូន​ប្ដី ព្រោះ​គាត់​រអ៊ូ​ចង់​ប្ដូរ​ស៊េរី​ទូរស័ព្ទ)។
ម៉ោង ៨​ដប់​នាទី គាត់​បាន​បង្ហោះ​រូប​ទិដ្ឋភាព​ក្នុង​ពិធី​ផ្ញើឲ្យ​ខ្ញុំ​ និង​និយាយ​ថា «បង​ទៅវិញ​ឥលូវ​ហើយ​ព្រោ អូន​មិន​មក​បង​មិន​ទម្លាប់​ញាំ​ការ​តែឯង​ទេ»។ សារ​នេះ​ធ្វើ​ឲ្យ​ខ្ញុំបញ្ចុក​បាយ​កូន​ស្រី​ពៅ​ទាំង​ញញឹម​ និង​គិត​ទៀត​ថា ខ្ញុំ​សំណាង​ណាស់​​បាន​ប្ដី​ល្អ​បែប​នេះ។ ​
ប៉ុន្តែ...ម៉ោង​៩ទៅ​​ហើយ​គាត់​មិន​ទាន់​មក​ទៀត ខ្ញុំ​បានតេ​ទៅ​គាត់​ជា​ច្រើន​សារ តែ​គ្មាន​ការ​ឆ្លើយ​តប​សោះ។ ប្រហែល​គាត់​កំពុង​ជិះ​ម៉ូតូ​ហើយ​មើល​ទៅ តែ​អារម្មណ៍​មួយ​ទៀត​គិត​ថា ទោះ​គាត់​ជិះ​ម៉ូតូ​ក៏​តែង​តែ​លើក​លេខ​អ្នក​ផ្ទះ​ដែរ ម៉េច​ថ្ងៃ​នេះ​ប្លែក​ម្ល៉េះ? កំពុង​គិត ស្រាប់​តែសំឡេង​ទូរស័ព្ទ​ខ្ញុំ​រោទ៍ គឺ​លេខ​បង​ជីដូន​មួយ​ខ្ញុំ​សោះ!
បង​ជីដូន​មួយ៖ អាឡូ អា​នី អា​កា​វា​នៅ​ផ្ទះ​អត់? (និយាយ​បែប​តក់​ស្លុត)
ខ្ញុំ៖ អូហ៍! គាត់​ទៅ​ញាំ​ការ​គេ មិន​ទាន់​មក​វិញ​ទេ មាន​ការ​អី​បង?
​​បង​ជីដូន​មួយ៖ បង​មើលហ្វេស​ប៊ុកឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​មិន​ច្បាស់​ថា​អា​កា ឬ​អត់​ ទើប​តេ​មក​សួរ​បញ្ជាក់​ នី​ឯង​បើក​មើល​សិន​ទៅ​ ម៉េច​ៗ​តេ​ប្រាប់​បង​វិញ​ផង...
ចា៎ បង (ឆ្លើយ​ទាំង​ភិត​ភ័យ)។ មិន​ទាន់​បាន​បើក​មើល​ផង លេខ​ថ្មី​មួយ​ទៀត​បាន​តេ​មក​ខ្ញុំ...
អាឡូ! ជម្រាប​សួរ​ បង​គ្រួសារ​ជន​រង​គ្រោះ​មែន ប្ដីបង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ឆាប់​មក​កន្លែង​កើត​ហេតុ​ភ្លាម​មក​បង (ប៉ូលីស​និយាយ​)។
អ្នក​ណា​ខ្លះ​ធ្វើ​ចិត្ត​បាន​ពេល​ទទួល​ដំណឹង​មួយ​នេះ​ដូច​ខ្ញុំ? ដៃ​ជើង​ញ័រ​អស់ កែវ​ភ្នែក​ផ្ដើម​ស្រវាំង​ដោយ​អំណាច​ទឹក​ភ្នែក តែ​នៅ​ប្រឹង​ទប់​ជំហរ ប្រឹង​បើក​ឡាន​ទៅ​ទី​កើត​ហេតុនឹង​អាល​យក​ប្ដី​ទៅ​ពេទ្យ ក្នុង​ចិត្ត​គិត​ទៀត​ថា មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​គាត់​មាន​គ្រោះ​ថ្នាក់​បែប​នេះ? ប្រហែល​ជា​ស្រវឹង​ហើយ​ទើប​ បែបនេះ ​នេះជា​ហេតុ​ផល​ដែលខ្ញុំ​តែង​ទៅ​ណា​មក​ណា​ជាមួយ​គាត់​មិន​ដែលអាក់​ខាន។
ព្រះ​អើយ​អ្នក​ណា​ទៅ​ដឹង? គាត់​មិន​ត្រឹម​តែ​​មាន​របួស​ពេញ​ខ្លួន​ទេ​គឺ... គឺ..សូម្បី​ដង្ហើម​ក៏​មិន​ដក​ដែរ...
សំឡេង​ស្រែក​របស់​ខ្ញុំ​លាន់​ឮ​ពេញ​ទី​កើត​ហេតុ...
បង​កា បង​ឯង​ងើប​ឡើង ឆាប់​ងើប​ឲ្យ​លឿន កូន​ស្រី​ទាំង​ពីរ​នៅ​ចាំ​បង​ឯង​នៅ​ផ្ទះ ម៉េច​មិន​តប​នឹង​អូន​? ចុះ​ថា​ចង់​បាន​ទូរ​ស័ព្ទ​ថ្មី អូន​ទិញ​ឲ្យ​ហើយ​ ម៉េច​មិន​ប្រើ​ តប​ភ្លាម​...មក តប​មក​ អូន​សូម​អង្វរ...​ (ខ្ញុំ​គក់​ផង​ តប់​ផង ទាញ​ផង តែ​ប្ដី​ម្នាក់​នេះ​ មិន​អើ​ពើហ្នឹង​ខ្ញុំ​ឡើយ) គ្រប់​គ្នា​បាន​ទាញ​ខ្ញុំ​ចេញ​ រួច​និយាយ​ថា គាត់​ទៅ​បាន​សុខ​ហើយ...។ ចង់​មិន​ចង់​ខ្ញុំ​មិន​អាច​ប្រកែក​នឹង​ការ​ពិត​ទេ បាន​ត្រឹម​ហូរ​ទឹក​ភ្នែក​ឥត​ឈប់​ប៉ុណ្ណោះ។
ក្រោយ​ពិធី​បុណ្យ​សពបាន​បញ្ចប់ កូន​ស្រី​បងរបស់​ខ្ញុំ​(អាយុ៦​ឆ្នាំ) បាន​សួរសំណួរដែល​ខ្ញុំ​ពិបាក​ឆ្លើយ​ បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ ។ នាង​កាន់​រូប​ថត​ប៉ាគេ ហើយ​សួរ​ថា ម៉ាក់​ៗ​ ប៉ា​ៗ ទៅ​ណា ម៉េច​ប៉ា​គេង​យូរ​ម្ល៉េះ? កូន​ទៅ​ដាស់​បាន​អត់? អត់​មាន​អ្នក​ណា​ជូន​កូន​ទៅ​រៀន​ទេ!
ខ្ញុំ​បាន​ត្រឹម​ឱប​កូន​យំ រួច​​លួង​គេ​ថា ប៉ា​ៗ​កូន​ហត់​ពេក​ គាត់​ចង់​សម្រាក​ទើប​ក្រោក​មិន​រួច អញ្ចឹង​ពី​ថ្ងៃ​នេះ​ទៅ​មុខ គឺ​ម៉ាក់​ជា​អ្នក​ធ្វើ​គ្រប់​យ៉ាង ​រាល់​ការងារ​របស់​ប៉ា​ៗ​កូន មិន​ថា​ ងូត​ទឹក​ បញ្ចុក​បាយ​ ឬ​ជូន​កូន​ទៅ​សាលា​ទេ កូន​ឲ្យ​គាត់​សម្រាក​សិន​ចុះ​ណា​កូន​ណា។
នាង​ងក់​ក្បាល ហើយ​ឱប​​ខ្ញុំ​យំ និង​និយាយ​តិច​ៗ​ថា ចាំ​កូន​ជួយ​ម៉ាក់ៗ​មើល​មី​អូន​ ខ្លាច​ម៉ាក់​ហត់​ដូច​ប៉ា​។ (ឭ​ហើយ​បេះដូង​ខ្ញុំ​ ដូច​ត្រូវ​គេ​ចាក់​រាប់​រយ​កាំ​បិត​) តែ​យ៉ាង​ខ្ញុំ​អាច​បន្ត​ជំហាន​ទៅ​មុខ ដោយ​សារ​ក្មេង​ស្រី​ទាំង​ពីរ​ដែល​ជា​មរតក​តែ​មួយ​គត់​ដែល​ស្វាមី​បាន​បន្សល់​ទុក​ឲ្យ​។ ទោះត្រូវ​រ៉ាប់​រង​ភារៈ​ដ៏​ធ្ងន់​ធរ ទាំង​មាន​នាទី​ជា​ម្ដាយផង​ឪពុក​ផង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចុះ​ចាញ់​នឹង​ព្រហ្ម​លិខិត​ដែរ៕

រូបតំណាង
សាច់​រឿង​ផ្ដល់​ដោយ​៖ បង​ស្រី ដារ៉ានី
ប្រភព៖http://kanha.sabay.com.kh/article/913892