ទទួលទានភេសជ្ជៈសម្បូរជាតិស្ករ (ផ្អែម) ប្រឈមនឹងអត្រាការស្លាប់ខ្ពស់!



(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានធ្វើការភ្ជាប់ទំនាក់ទំនង រវាងភេសជ្ជៈដែលផ្ទុកជាតិស្ករ ជាមួយនឹងការស្លាប់របស់មនុស្ស ១៨០ ០០ នាក់ក្នុងមួយឆ្នាំ ទូទាំងពិភពលោក ដែលក្នុងនោះមាន ២៥ ០០០ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាម គេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
លោក Gitanjali Singh ដែលអ្នកស្រាវជ្រាវនៅក្នុងមហាវិទ្យាល័យ Harvard ខាងផ្នែកសុខភាពសាធារណៈ បាននិយាយថា «ពួកយើងដឹងថាភេសជ្ជៈដែលមានផ្ទុកជាតិស្ករ ត្រូវបានមានទំនាក់ទំនងជាមួយនឹង ការកើតនៃជំងឺធាត់ ហើយចំនួននៃការស្លាប់ជាច្រើននេះ ត្រូវបានកើតឡើងពីការមានជំងឺធាត់។
ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ការសិក្សានេះមិនត្រូវបានបញ្ជាក់១០០ ភាគរយនោះឡើយ!»។
ជាមួយគ្នានេះដែរ នៅក្នុងការសិក្សានេះពួកគេ ក៏បានប្រើប្រាស់ទិន្នន័យដែលទទួល មកពីការស្ទង់មតិផ្នែកសុខភាពទូទាំងពិភពលោក ហើយបានរកឃើញថា មានមនុស្ស ១៣៣ ០០០ បានស្លាប់ដោយសារជំងឺទឹកនោមផ្អែម ៤៤,០០០ បានស្លាប់ដោយសារជំងឺសរសៃឈាម និង ៦០០០នាក់ទៀត ស្លាប់ដោយសារជំងឺមហារីក នៅក្នុងឆ្នាំ ២០១៥។
លោក Singh បាននិយាយថា «ខ្ញុំគិតថា ការរកឃើញរបស់ពួកយើង គួរតែមានអត្ថប្រយោជន៍ខ្លាំងណាស់ ដើម្បីបង្កើតសេចក្តីណែនាំ អំពីការកាត់បន្ថយ នៃការទទួលភេសជ្ជៈដែលផ្ទុកជាតិស្ករច្រើន ដោយសារតែវាបានធ្វើឲ្យមនុស្សជាច្រើន ត្រូវបានស្លាប់ដោយសារការទទួលទាន ប្រភេទភេសជ្ជៈនេះ!»៕

ប្រភព៖ khmertalking