វិធី៥​យ៉ាង​ការពារ​កុំ​ឲ្យ​កើត​មុន​ខ្នង


មុន​គឺ​ជា​បញ្ហា​ដ៏​រំខាន​មួយ ហើយ​មុន​ខ្នង​កាន់​តែ​ជា​បញ្ហា​មួយ​ដែល​បំផ្លាញ​សម្រស់​របស់​អ្នក។​ ដូច្នេះ​ថ្ងៃនេះ Kanha ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​វិធីសាស្ត្រ​៥យ៉ាង​ដើម្បី​​ការពារ ​និង​បំបាត់​មុន​ខ្នង​ជា​រៀង​រហូត។​ប្រសិន​បើ​ស្បែក​របស់​អ្នក​ងាយ​នឹង​រង​ការ​កើត​មុន ឬ​ក៏​អ្នក​កំពុង​តែ​មាន​បញ្ហា​មុន​ខ្នង​សូម​ឈប់​បារម្ភ​ទៅ ព្រោះ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​បាន។
១. ងូត​ទឹក​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បញ្ឈប់​បញ្ហា​មុន​ខ្នង ​អ្នក​ត្រូវ​មុជ​ទឹក​អោយ​បាន​ទៀង​ទាត់​ជា​ពិសេស​ក្រោយ​ពេល​ដែល​អ្នក​ធ្វើការ​ហើយ​បែក​ញើស ឬ​ក៏​នៅ​ក្នុង​រដូវ​ក្តៅ។ នៅ​ពេល​ដែល​អ្នក​បែក​ញើស​ វា​នឹង​ធ្វើ​អោយ​ស្ទះ​រន្ធញើស​ជាមួយ​នឹង​មេរោគ​ដែល​ជា​មូលហេតុ​ចម្បង​បណ្តាល​អោយ​កើត​មុន។
២.ជ្រើសរើស​សំលៀកបំពាក់​ឲ្យបាន​ត្រឹមត្រូវ អ្នក​ត្រូវ​ដឹង​ថា​សំលៀកបំពាក់​ដែល​ផលិត​ឡើង​ពី​ក្រណាត់​រលោង​អាច​បណ្តាល​អោយ​កើត​មុន​ខ្នង។ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​ប្រើ​វា​ទេ ហើយ​គួរ​ប្រើ​ខោ​អាវ​ដែល​ផលិត​ពី​ក្រណាត់​កប្បាស​វិញ។​ យ៉ាង​ណា​មិញ​អ្នក​នៅ​តែ​អាច​ប្រើប្រាស់​សំលៀកបំពាក់​ផលិត​ចេញ​ពី​ក្រណាត់​នេះ​បាន​ដោយ​គ្រាន់​តែ​អ្នក​ពាក់​អាវ​ក្នុង​ដែល​ផលិត​ពី​កប្បាស ដើម្បី​ការ​ពារ​ស្បែក​របស់​អ្នក​ពី​ការ​កើត​មុន​ខ្នង​បាន។
៣.កុំ​ឧស្សាហ៍​ងូត​ទឹកក្តៅ ទឹក​ក្តៅ​ក៏​អាច​បណ្តាល​អោយ​កើត​មុន​ខ្នង​ដែរ ជា​ពិសេស​អ្នក​មាន​ស្បែក​ប្រតិកម្ម​ ដូច្នេះ​អ្នក​មិន​គួរ​ប្រើ​ទឹក​ក្តៅ​ពេល​មុជ​ទឹក​ទេ គឺ​ត្រូវ​មុជ​ទឹក​ត្រជាក់។
៤.កុំ​ប្រើ​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​មាន​ជាតិ​ប្រេង ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ថែ​រក្សា​ស្បែក​ប្រសិនបើ​ស្បែក​របស់​អ្នក​ងាយ​រង​ប្រតិកម្ម និង​រំខាន​ដោយ​មុន​ខ្នង។ ជៀស​វាង​ការ​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​ប្រេង ព្រោះ​វា​អាច​បង្ក​ឲ្យ​​មុន​នៅ​លើ​ខ្នង​កាន់​តែ​ធ្ងន់ធ្ងរ។

៥.ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​ថ្នាំ នៅ​ពេល​ដែល​លាង​សំអាត​ខ្នង​របស់​អ្នក ​ត្រូវ​ប្រើ​សាប៊ូ​ដែល​ផ្ទុក​សារធាតុ​អាស៊ីតsalicylicប្រឆាំង​នឹង​ការ​កើត​មុន​ខ្នង និង​បំបាត់​បញ្ហា​រោគ​ស្បែក។


ប្រភព៖ Fustany