ម្ដាយ​ចាស់​អៀវ​កូនស្រី​ពិការ​ ឆក់យក​ក្ដី​អាណិត​អាសូរ​គ្រប់​ទិសទី




ក្រុងម៉ានីល: ជូលៀតា ឡូរ៉េនហ្សូ អាយុ ៦៩ ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​ប្រទេស​ហ្វីលីពីន បាន​ធ្វើឲ្យ​មនុស្ស​រាប់ពាន់​នាក់​កម្សត់​ក្ដុកក្ដួល​ក្រោយពី​រូបថត​ដូនចាស់​អៀវ​កូនស្រី​ពិការ​វ័យ ៣០ ឆ្នាំ​ទៅកាន់​ធនាគារ​ដើម្បី​យកប្រាក់​សោធន បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម។
រូបភាព​ដ៏គួរ​ឲ្យ​អាណិតអាសូរ​របស់​ដូនចាស់​រូបនេះ​ត្រូវបាន​ថត​ដោយ​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ Gilbred Cargason Alsagon Jr ដែល​ស្ថិត​នៅក្នុង​សាខា​ធនាគារ​អភិវឌ្ឍន៍​ក្នុង​ក្រុង​រ៉ូសាស់ ពេល​លោកយាយ និង​កូនស្រី​ចូលមក​ដល់។
Alsagon រាយការណ៍​ថា វត្ដមាន​ស្ដ្រី​ចំណាស់​អៀវ​កូនស្រី​ពេញ​កម្លាំង​លើ​ខ្នងបង្ក​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នាក្នុង​ធនាគារ ប៉ុន្ដែ​ដ្បិត​ពួកគេ​ទទួល​បាន​ជំនួយ​ជាច្រើន​ពីអ្នក​នៅ​ជុំវិញ​ខ្លួន​យ៉ាងណា​ក៏ដោយ ក៏ស្ដ្រី​ចំណាស់​នេះ​បដិសេធ​យ៉ាង​សុភាព​រាបសា ដោយ​និយាយ​ថា កូនស្រី​របស់ខ្លួន​ឈ្មោះ ម៉ារី ចេន មិន​ទុកចិត្ដ​នរណា​មកជួយ​អៀវ​នាង​ទាំងអស់។
ម្ចាស់​ហ្វេសប៊ុក Gilbred ថា លោកយាយ និង​កូនស្រី​មក​ធនាគារ​នេះ​រៀងរាល់​ខែ​ដើម្បី​យកប្រាក់​សោធន​និវត្ដន៍​របស់​ដូនចាស់​វ័យ ៦៩ ឆ្នាំ​ចំនួន ៤០ ដុល្លារ ដែល​ពួកគេ​ប្រើ​សម្រាប់​ទិញ​អាហារ​ចិញ្ចឹម​ជីវិត។
ក្រោយពី​ល្បី​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិធំៗ វា​ត្រូវបាន​លាតត្រដាង​ថា អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ភូមិ​បូឡូ ខាងក្រៅ​ក្រុង​រ៉ូសាស់ របស់​ហ្វីលីពីន និងត្រូវ​ដើរកាត់​ផ្លូវលំ​ពិបាក​ដោយ​តោង​ឡើង​ឫស​ឈើ​ដើម្បី​ទៅផ្ទះ​ដែល​ពួកគេ​ស្នាក់អាស្រ័យ​អស់​ពេល ២៥ ឆ្នាំ៕




ប្រភព៖http://nowkh.com/article/1826