អាជីវករ​ថៃ​ដាក់​លក់​មឹក​គីមី​ ក្នុង​ពិធីបុណ្យ​ទន្លេ​ខេត្តស្ទឹងត្រែង ជិត​៥០​គីឡូក្រាម


ខេត្តស្ទឹងត្រែង ៖ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ចុះ​ត្រួត​ពិ​និត្យ​លើ​ម្ហូបអាហារ​ចំណីគ្រប់​ប្រភេទ ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៧​នេះ នៅ​ខេត្តស្ទឹងត្រែង បាន​រក​ឃើញ​សារធាតុ​គីមីហាមឃាត់ ដែល​អាជីវករ​ថៃ​ដាក់​នៅ​លើ​មឹក​សមុទ្រ​ចំនួន​៤៨​គីឡូក្រាម ហើយ​អាំង​លក់​ក្នុង​ពិធីបុណ្យ ត្រូវ​បានដកហូត​យក​ទៅ​បំផ្លាញ​ចោល ។
បើ​យោង​តាម​ប្រភព​ពី​លោក​គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ​ជាប់​គ្នា​រយៈពេល​២​ថ្ងៃ​មក​ហើយ ចាប់ពី​ថ្ងៃ​២៤​មីនា​មក ដើម្បី​ស្វែងរក​ផលិតផល ឬ​អាហារ​ណា​ដែល​មាន​ផ្ទុក​នូវ​សា​ធាតុ​ធាតុគីមី ប្រសិនបើ​មាន​កម្លាំង​ជំនាញ​របស់លោក ត្រូវ​ដកហូតបំផ្លាញ​ចោល ដើម្បី​ជៀសវៀង​កុំអោយ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ទិញ​ពិសារ ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព ។
ជាកស្តែង​ការ​ចុះ​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២​នៃពិធីបុណ្យ​ទន្លេនេះ កម្លាំង​ជំនាញ​បាន​រក​ឃើញ​សត្វ​មឹក​ដែល​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​របស់​អាជីវករ​ថៃ Tes Kit formalin in food ចំនួន​៤៨​គីឡូក្រាម ហើយ​ត្រូវ​បាន​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​ភ្លាម​ៗ​ផង​ដែរ​ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា បុណ្យ​ទន្លេ​ខេត្តស្ទឹងត្រែង​ក្នុងឆ្នាំនេះ​ជា​លើក​ទី​៣​ហើយ មានស្តង់​លក់​ផលិតផល​គ្រប់មុខ​ក្នុង​ឱកាស​បុណ្យ​ទន្លេ​នេះ មាន​តូប​សរុប​ចំនួន​៦០០​តូប ក្នុង​នោះ​មាន​តូប​ខ្មែរ​ចំនួន​៣០០ និង​តូប​អាជីវករ​ថៃ និង​វៀតណាម​ចំនួន​៣០០​តូប ។ ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះគេធ្វើនៅ​តាម​បណ្តា​ខេត្ត​ជាប់​​ដង​ទន្លេ​ បន្ទាប់​ពី​លើកទី​១ ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ចាម លើកទី​២​​នៅ​ខេត្តក្រចេះ​ និង​ទី​៣​ធ្វើ​នៅ​ខេត្តស្ទឹងត្រែង ដោយមាន​ភ្ញៀវ​ទេសចរ​ចូលរួម​យ៉ាងច្រើន​កុះករ ហើយ​មាន​ស្តង់​លក់ទំនិញ​គ្រប់​ប្រភេទ មានដូច​ជា លក់ចំណី អាហារ ភេសជ្ជៈ​គ្រប់មុខ សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ចំណែកឯ​កម្លាំងប្រដាប់អាវុធ ក្រុម​គ្រូពេទ្យ ព្រមទាំង​រថយន្ត​សង្គ្រោះ​អគ្គិភ័យ​វិញ​ ត្រូវ​គេ​ស​ង្គេ​ត​ឃើញ​បាន​យកចិត្តទុកដាក់​លើ​ការ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ផង​ដែរ​ ៕



ប្រភព៖https://angrut.com/archives/8564