ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ




មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជា​ជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា នៃ​ការ​រៀបចំ​បុណ្យ​នេះ​ប្លែកៗ​គ្នា​ស្រប​ទៅ​តាម ជំនឿ ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង​ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក។ យើង​បាន​ប្រទះ​ឃើញ​ឯកសារ​ជា​ច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ឧស្សាហ៍​បាន​ស្តាប់​ការ​និទាន​រឿង​របស់​ចាស់ទុំ​ជា​ច្រើន។
ប្រវត្ត៖មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះ​វិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ​ធម្មបាល​កុមារ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំងឡាយ។ ធម្មបាល​កុមារ​ចេះ​ទាំង​ភាសា​បក្សី ទាំង​ពួង​ផង ព្រម​ទាំង​អាច​ធ្វើ​ជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេង​ៗ ដល់​មនុស្ស​ទាំង​ពួង​ផង។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហា​ព្រហ្ម និង​កបិល​មហា​ព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​ កបិល​មហា​ព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ ចំនួន ៣ប្រស្នា ដោយ​សន្យា​ថា ប្រសិន​បើ ធម្មបាល​កុមារ​អាច​ដោះ​ប្រស្នា​បាន កបិល​មហា​ព្រហ្ម​នឹង​កាត់​ព្រះ​សិរសា​ទ្រង់ ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើ ធម្មបាល​កុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​រួច កបិល​មហា​ព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ថ្ងៃ សិន ដើម្បី​គិត​ប្រស្នា។ លុះ​កន្លង​ទៅ ៦ថ្ងៃ ហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិន​ឃើញ និង​ដឹង​ខ្លួន​ថា ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហា​ព្រហ្ម​ជា​ប្រាកដ។ ដូច្នេះ គួរ​តែ​រត់​ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ។ វេលា​យប់ សត្វ​ឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ផ្ទៃ​មុខ។ ហេតុ​នេះ​ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លប់​មុខ។ ប្រស្នា​ទី២ ចោទ​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង។ ប្រស្នា​ទី៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង។ ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ លុះ​ព្រឹក​ឡើង ​កបិល​មហា​ព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ធម្មបាល​កុមារ។ ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​មក។ កបិល​មហា​ព្រហ្ម​ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ កបិល​មហា​ព្រហ្ម ហៅ​ទេព​ធីតា​ទាំង ៧អង្គ ដែល​ជា បាទ​បរិចាវិកា​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី​នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​នឹង​នាំ​ឲ្យ​រាំង​ភ្លៀង បើ​ចោល​ក្នុង​មហា​សមុទ្រ​នោះ​ទឹក​នឹង​រីង​ស្ងួត​ហួត​អស់។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧អង្គ យក​ពាន​មក​ទទួល​ព្រះ​សិរសា​បិតា។ ពោល​រួច ​ព្រះ​អង្គ​ក៏​កាត់​ព្រះ​សិរសា​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុង្ស ជា​កូន​ច្បង។ ព្រះ​នាង ទុង្ស​ក៏​បាន​យក​ពាន​មក​ទទួល​ព្រះ​សិរ​សាបិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០នាទី​ទើប​យាង​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌលេះ​នៅ​ក្នុង​គុហា​គន្ធមាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ។ ព្រះ​វិស្សកម្ម​ទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ប្រការ ឈ្មោះ​ថា “ភគវតីសភាសាលា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា។ លុះ​ដល់​គម្រប់ ១ឆ្នាំ ជា សង្ក្រាន្តត នាង​ទេព​ធីតា​ទាំង ៧អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀង​រាល់​ៗ​ឆ្នាំ រួច​ហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។


ប្រភព៖ sabay