ម្ចាស់​យាន​យន្ត​ទាំង​អស់​ដែល​មិន​ទាន់​កាត់​ឈ្មោះ​នឹង​មាន​ទោស​នៅ​ពេល​ខាង​មុខ​នេះ


ភ្នំពេញ៖នាពេលខាងមុខនេះគ្រប់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិនឹងត្រូវផាកពិន័យ ហើយនឹងត្រូវបញ្ជូនទៅតុលាការបើមិនទាន់កាត់ឈ្មោះនេះជាការលើកឡើងរបស់ឯកឧត្តម
ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបើកវគ្គបំប៉នស្ដីពីបច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងបានលើកឡើងបន្តដែរថា នាពេលខាងមុខនេះការផាកពិន័យបទល្មើសចរាចរណ៍គឺទៅតាមស្លាកលេខយានយន្ត ហើយវិក្កយបត្រនឹងផ្ញើទៅអាស័យដ្ឋានតាមស្លាកលេខយានយន្ត ។ ឯកឧត្តមបានបញ្ជាក់ដែរថា រាល់ម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះត្រូវយកលិខិតទិញ-លក់ ពេលមកទទួលការផាកពិន័យ ហើយតម្រូវកាត់ឈ្មោះម្ចាស់យានយន្ត បើមិនដូច្នោះទេនឹងត្រូវមានការផាកពិន័យ ឬត្រូវបញ្ជូនទៅតុលាការលើការមិនកាត់ឈ្មោះនៅពេលមានច្បាប់អនុម័តពីអន្តរក្រសួង ។
ក្នុងពិធីបើកវគ្គបំប៉ននោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានបន្តទៀតថា រាល់ការអនុវត្តរឹតបន្តឹងបទល្មើសចរាចរណ៍ត្រូវបានអនុវត្តនៅតាមតំបន់ដើមទី និងចុងទី ហើយចំពោះការត្រួតពិនិត្យជាតិស្រវឹងត្រូវការអនុវត្តរៀងរាល់យប់ទៅតាមគោលដៅ ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដាំផ្ញើដល់មន្រ្តីនគរបាលចរាចរណ៍ដែលចូលរួមក្នុងវគ្គបំប៉ននេះគោរពវិន័យរបស់នគរបាល និងត្រូវមានក្រមសីលធ៌មល្អក្នុងប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រោះថារាល់មន្រ្តីនគរបាលណាដែលបានប្រព្រឹត្តខុស នឹងត្រូវទទួលវិន័យកងកម្លាំង ឬក៏ត្រូវអនុវត្តទៅតាមច្បាប់របស់តុលាការ ។
គួរបញ្ជាក់ដែរថា វគ្គបំប៉ននេះមានរយៈពេលពីរថ្ងៃចាប់ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រោមការគាំទ្រជំនួយបចេ្ចកទេស និងថវិកាពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង(IARD)ដោយមានមន្រ្តីនគរបាលចរាចរណ៍មកពីគ្រប់បណ្ដាលស្នងការដ្ឋាននគរបាល ២៥រាជធានី-ខេត្ត រួមទាំងមន្រ្តីជំនាញនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ៕

 ប្រភព៖police