ស្វីសប្ដេជ្ញាគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា ក្រោយលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរធ្លាប់ខ្លួនឈឺ
រដ្ឋាភិបាលស្វ៊ីស តាមរយៈតំណាងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍរបស់ប្រទេសស្វ៊ីសប្រចាំនៅក្នុងប្រទេសកម្ពុជា បានប្ដេជ្ញាចិត្ដរបស់ខ្លួនថា នឹងគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីបន្ដដំណើរ ការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និងកុមារកម្ពុជាដោយឥតគិតថ្លៃ។ ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយប្រកាសលាលែងពីប្រធានមន្ទីរពេទ្យគន្ធាបុប្ជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វ៊ីសប្រចាំកម្ពុជាចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស និងមូលនិធិគន្ធបុប្ជាប្ដេជ្ញាចិត្ដ ព្រមទាំងធ្វើការសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនេះ។ រដ្ឋាភិបាលស្វ៊ីសនឹងជួយគាំទ្រមូលនិធិនេះ ហើយក៏មានការសោកស្ដាយយ៉ាងខ្លាំងក្រោយដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner)ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា មានជំងឺជាទម្ងន់។</p> <p>ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ការគាំទ្រចំពោះមន្ទីរពេទ្យគន្ធបុប្ជា គឺជាផ្នែកដ៏សំខាន់ មួយសម្រាប់ការចូលរួមរបស់ប្រទេសស្វ៊ីសនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសស្វ៊ីសផ្ដល់ការគាំទ្រ ដល់ប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ឱកាស និងផ្ដល់ឱ្យប្រើសេវាសាធារណៈដែលមាន គុណភាពដូចជាការថែទាំសុខភាព ព្រមទាំងមានការគាំទ្រទៅលើសន្ដិសុខស្បៀង និងដីធ្លី ការអភិវឌ្ឍ ជំនាញ និងឱកាសការងារផងដែរ។គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជា បានឲ្យដឹងថា ប្រទេសស្វ៊ីសបានគាំទ្រមន្ទីរពេទ្យគន្ធបុប្ជាចាប់តាំងពីឆ្នាំ១៩៩៤មក ដោយថវិកាសរុបចំនួន៥៧លានស្វ៊ីសហ្វ្រង់ ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យគន្ធបុប្ជាទទួលបានថវិកា ៤លានស្វ៊ីសហ្វ្រង់។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសស្វ៊ីសបានបង្កើនការទំនាក់ទំនងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) និងមូល និធិគន្ធបុប្ជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា។តែយ៉ាងណាក្តី បច្ចុប្បន្ននេះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលលោកនឹងមិនអាចបន្តការងារសប្បុរសធម៌ជួយកុមារកម្ពុជាបានទៀតនោះទេ។ លោកវេជ្ជបណ្ឌិត Beat Richner កំពុងទទួលការ សង្គ្រោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស។ ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) នឹងលាលែងពីតំណែងនាពេលខាងមុខផងដែរ។ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន បានហៅលោកថា ជាពេទ្យទេវតា ព្រោះបានជួយព្យាបាលជីវិតកូនៗរបស់ពួកគាត់ឲ្យជាសះស្បើយ និងពុំមានបង់ប្រាក់៕
ប្រភព៖http://vayofm.com/news/detail/76683-414448825.html
