វិជ្ជាទស្សន៍ទាយបាតដៃ អាចនឹងធ្វើឲ្យមនុស្សមួយចំនួន ជឿជាក់ថា ខ្សែបន្ទាត់នៅលើបាតដៃ ទាក់ទងទៅនឹង បេះដូង ក្បាល ខ្សែជីវិត និង ជោគវាសនារបស់យើង។ ប៉ុន្តែអ្នកអាចដឹងកាន់តែច្បាស់ អំពីខ្សែបន្ទាត់ទាំងនេះ តាមរយៈវិទ្យាសាស្ត្រ។
យោងតាមប្រភពព័ត៌មាន បានបង្ហាញឲ្យដឹងពីខ្សែបន្ទាត់ទាំងនោះថា វាជាទ្រង់ទ្រាយមួយដែលបានបង្កើតឡើង ខណៈពេលមនុស្សស្ថិតនៅក្នុងផ្ទៃម្ដាយ អាយុប្រហែល១២សប្តាហ៍។ ពួកវាគឺជាផ្នត់នៃស្បែកបាតដៃ ដែលអនុញ្ញាតឲ្យយើងបត់ ឬ ក្ដាប់ដៃ ហើយថែមទាំងអាចចាប់យក និងកាន់វត្ថុអ្វីមួយបានយ៉ាងងាយស្រួលផងដែរ។
មនុស្សភាគច្រើនកើតមកមានខ្សែបន្ទាត់ចំនួន៣ផ្នត់នៅលើបាតដៃ ខណៈ ក្រាស់ ញឹក និង លយចេញបែបណា គឺអាស្រ័យលើហ្សែនរបស់មនុស្ស។
ទោះជាយ៉ាងណា វាមានករណីកម្រ ដែលមនុស្សអាចកើតមកជាមួយ ខ្សែបន្ទាត់តែ១ផ្នត់នៅលើបាតដៃ។ វាអាចកើតមានលើមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៣០នាក់ ដែលគេហៅថា «Singular Palmar Increase»។
ខ្សែបន្ទាត់តែ១ផ្នត់នៅលើបាតដៃ ជាធម្មតា វាមិនមែនជារោគសញ្ញានៃស្ថានភាពសុខភាពណាមួយឡើយ ប៉ុន្តែពេលខ្លះ វាគឺជាការចង្អុលបង្ហាញពីអាការៈជំងឺ Down syndrome (ជំងឺម្យ៉ាងធ្វើឲ្យការលូតលាស់រាងកាយយឺតខុសធម្មតា និងមានប្រាជ្ញាអន់), Fetal alcohol sydnrome (ក្រុមនៃអាការៈដែលប៉ះពាល់ដល់ទារក ដែលមានម្ដាយផឹកគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ), Turner syndrome (លក្ខខណ្ឌក្រូម៉ូសូមដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍ស្ត្រី), Aarskog syndrome (ភាពមិនប្រក្រតីលើផ្ទៃមុខ ឆ្អឹង និងប្រដាប់ភេទ) និង Rubella sydrome (ជំងឺស្អូច) ជាដើម៕



