ទីសក្ការៈ​ស័ក្ដិសិទ្ធិ​​២កន្លែង​នៅ​សៀមរាប​ សិស្ស​ត្រៀម​បាក់​ឌុប​និយម​ទៅ​បន់ស្រន់

ហេតុផល​ "អាគម​ផ្សំ​អាយូស" នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប​នៅ​ខេត្ត​សៀមរាប រៀងរាល់​ឆ្នាំ​នាំ​គ្នា​ទៅ​ទីសក្ការៈ​ស័ក្ដិសិទ្ធិ​បំផុត​ដើម្បី​បន់​ស្រន់​សុំ​សំណាង​ល្អ និង​ទំនុក​ចិត្ត​ក្នុង​ពេល​ប្រឡង​ឲ្យ​ជាប់។ តើ​ទីសក្ការៈ​ទាំង​នោះ​មាន​ឈ្មោះ​អ្វីខ្លះ? តើ​រាល់​ការ​បួងសួង​នៅ​ទី​នោះ​អាច​ជួយ​អ្វី​ដល់​ការ​ប្រឡង​បាក់​ឌុប​របស់​យុវសិស្ស​នៅ​ខេត្ត​សៀមរាប​ដែរ​ទេ? សូម​ស្តាប់​ការ​រៀបរាប់​របស់​ពួកគេ​ដូច​តទៅ៖

សឿ សុធី ជា​សិស្ស​ថ្នាក់​ទី១២ A នៃ​វិទ្យាល័យ ១០ មករា ១៩៧៩ បាន​និយាយ​ថា ប្អូន​នឹង​ទៅ​អុជ ធូប​បន់​ស្រន់​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​មុន​ថ្ងៃ​ប្រឡង​មួយ​ថ្ងៃ។ កត្តា​នេះ​ព្រោះ​គេ​មាន​ជំនឿ​ថា​ ឫទ្ធានុភាព​នៃ​ព្រះ​រូប​ទាំង​ពីរ​ព្រះអង្គ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​ នឹង​ជួយ​ឲ្យ​ការ​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង​ក្លាយ​ទៅ​ជា​ការ​ពិត។

សុធី​បាន​រៀបរាប់​ថា៖ «ពេល​ប្រឡង​ឆមាស​ក៏​ខ្ញុំ​បារម្ភ​ខ្លាំង​ដែរ! ភ័យ​ឡើង​ជ្រួលច្របល់​រក​មើល​សៀវភៅ​មិន​កើត​ទេ តែ​ពេល​បាន​ទៅ​បែរ​បន់​នៅ​កន្លែង​ព្រះអង្គ​ណឹង អារម្មណ៍​ខ្ញុំ​ក៏​ស្ងប់​ជាង​មុន។ ពេល​ខ្លះ​ខ្ញុំ​ក៏​អត់​ជឿ​ថា​វិធី​ហ្នឹង​មាន​ប្រសិទ្ធភាព​ដែរ តែ​ធ្វើ​ទៅ​ក៏​បាន​ផល​ អញ្ចឹង សង្ឃឹម​ថា​បន់​ម្តង​ទៀត​មុន​ប្រឡង​ធំ​ហ្នឹង វា​ប្រហែល​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ​ ហើយ​ចងចាំ​មេរៀន​ច្រើន»។

ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​អះអាង​របស់​​សុធី យុវតី វ៉ា វន្នី សិស្សវិទ្យាល័យ ១០ មករា ១៩៧៩ បាន​ពន្យល់​ថា ការ​បួងសួង​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រីករាយ​ ហើយ​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ ដោយ​ឡែក​ពេល​កៀក​ថ្ងៃ​ប្រឡង​កញ្ញា​នឹង​ទៅ​ស្រោច​ទឹក​នៅ​វត្ត​អង្គរ​តាម​ពាក្យ​ណែនាំ​របស់​ចាស់​ទុំ​ក្នុង​ផ្ទះ​បន្ថែម​ទៀត។


«ខ្ញុំ​ដឹង​តើ! ការ​ជឿ​លើ​អបិយ​ជំនឿ​ពេក​វា​ហួស​សម័យ​ហើយ តែ​វា​ក៏​មិន​អត់​ប្រយោជន៍​ដែរ​ ព្រោះ​ពេល​ទៅ​បួង​សួង​ ឬ​ក៏​ទៅ​ស្រោច​ទឹក​ជាមួយ​មិត្តភក្តិមាន​គ្នា​ច្រើន​ៗ វា​សប្បាយ​ណាស់ ហើយ​ពេល​យើង​សប្បាយ​ធ្វើ​អី​ក៏​ល្អ​ មើល​សៀវភៅ​អី​ក៏​ចូល​ទាំងអស់​ហ្នឹង»។ វន្នី​បញ្ជាក់​ដូច្នេះ។

ចំណែក​ឯ​យុវជន ណារិត​ សិស្ស​ថ្នាក់​ទី​១២ B នៃ​វិទ្យាល័យ ១០ មករា ១៩៧៩ ម្នាក់​ទៀត​ ក៏​បាន​អះអាង​ផង​ដែរ​ថា ប្អូន​នឹង​ទិញ​ចេក ធូប ទៀន និង​ផ្កា យក​ទៅ​ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ នៅ​មុន​ថ្ងៃ​ប្រឡង​បាក់​ឌុប​ចូល​មក​ដល់​។ ណារិត​បានបន្ត​​ថា ជំហាន​បន្ទាប់​មក គេ​នឹង​ទៅ​​វត្ត​អង្គរ​ គឺ​បួង​សួង​ជាថ្មី​ម្តងទៀត ដើម្បី​ឱ្យ​ការ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ខាង​មុខ​ដំណើរ​ទៅ​ឱ្យ​រលូន​ នឹង​ទទួល​បាន​ជោគជ័យ​១០០%។ ក្រៅពី​ការ​បន់ស្រន់​ យុវជន​សម្បុរ​សណ្តែក​បាយ​រូប​នេះ​ក៏​មិន​ភ្លេច​ការ​ខិត​រៀន​សូត្រ​ដែរ ណារិត បាន​និយាយ​ថា «បង​អើយ! អាការ​អុជ​ធូប​ទៀន​ ស្រោច​ទឹក​អី​ហ្នឹង​វា​មិន​បុរាណ​អី​ពេក​ទេ សំខាន់​ធ្វើ​យ៉ាងណា​អោយ​តែ​យើង​សប្បាយ​ ហើយ​មាន​អារម្មណ៍​អាន​មេរៀន​ទៅ​វា​បាន​ទៅ​ហើយ។ ខ្ញុំ​អត់​ខ្មាស​គេ​ទេ អ្នកណា​ក៏​គេ​ធ្វើ​ចឹង​ដែរ រឿង​ហ្នឹង​គឺ​អាគម​ផ្សំ​អាយូស​ណា៎​បង» ។


ចុះ​បេក្ខជន​ប្រឡង​បាក់​ឌុប​ដទៃ​ទៀត​វិញ មាន​គម្រោង​ទៅ​បួងសួង​បន់​ស្រន់​កន្លែង​ណា​ដែរដើម្បី​ឱ្យ​ការ​ប្រឡង​ទទួល​បាន​ជោគជ័យ​បន្ថែម​លើ​ការ​ខិតខំ​ប្រឹង​​រៀនសូត្រ​របស់​អ្នក?

ប្រភព៖ sabay