មានរឿងតំណាលថា «នៅដើមភទ្ទកប្ប មានសេដ្ឋីម្នាក់ មានបុត្រមួយព្រះអង្គ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំមកម៉្លេះ។ សេដ្ឋីជាបិតាបានសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារ បានចេះអស់ភាសាបក្សីទាំងពួងផង ហើយក៏ជាអាចារ្យសម្ដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។
គ្រានោះមនុស្សលោករមែងរាប់អាន ព្រះមហាព្រហ្ម និងកបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហាប្រស្នា នឹងធម្មបាលកុមារ ៣ “ខ” ដោយសន្យាទុកថា បើដោះប្រស្នាបាន នឹងកាត់ព្រះសិរទ្រង់ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថ្ងៃសិន ដើម្បីគិតរកចម្លើយប្រស្នានោះ។ លុះកន្លងទៅ ៦ថ្ងៃហើយ ក៏នៅតែគិតមិនឃើញ ដឹងខ្លួនថា ព្រឹកឡើងនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយ ដូច្នេះត្រូវរកកន្លែងលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបធម្មបាលកុមារចុះពីប្រាសាទ ទៅដេកពួននៅ ក្រោមដើមត្នោតពីរដើម។ ដើមត្នោតនោះ ជាទីស្នាក់អាស្រ័យរបស់សត្វឥន្ទ្រីញីឈ្មោលមួយគូ ដោយមានទាំងសំបុកនៅទីនោះផង។ ជួនជាពេលយប់ឥន្ទ្រីញី បានសួរឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖ វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា? ចម្លើយត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ចំណែក ខ១ ទៀតថា គឺសួរថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង និងខចុងក្រោយបំផុត វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។
ក្រោយពីស្ដាប់ឭរួចមក ធម្មបាលកុមារក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយតាមដែលបានឭមក។ បន្ទាប់មក កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចារិកាព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះ ទឹកសមុទ្រនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលព្រះសិរបិតា។
មានព្រះបន្ទូលអីចឹងហើយ ព្រះអង្គក៏កាត់ព្រះសិរហុច ទៅឲ្យ ព្រះនាងទុង្សាជាកូនច្បង។ ព្រះនាងទុង្សា ក៏បានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបអញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រការ ឈ្មោះថា “ភគវតីសភា” ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជាសង្ក្រាន្តនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់ វិញ»។
ទំនៀមចូលឆ្នាំខ្មែរ
ទំនៀមពិធីចូលឆ្នាំ ប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ចំពោះការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្ដាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្ដាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្តតែម្ដង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យមហានគរ ទៅ ខ្មែរយើងប្រើចន្ទគតិ ទើបកំនត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។ លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ ជាសំខាន់វិញហើយកំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូលកាន់ មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ ឬទី១៤ខែមេសា (ចែត្រ) ជារៀងរាល់ឆ្នាំ។
មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរ តាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិអមគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធបញ្ញត្តិច្រើន។ ចំហែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។
ចំពោះពិធីផ្សេងៗ ខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសម្អាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេ រៀបគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាថ្មី មាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។
ចំណែកផ្ទះសំបែង គេតុបតែងរំលេចដោយអំពូលអគ្គិសនី ខ្សែតូចៗចម្រុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សម្រាប់ទទួលទេព្ដាថ្មី។ លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្ដីសុខចំរើនគ្រប់ប្រការពីទេព្ដាថ្មី ។ ចំពោះគ្រឿងសក្ការ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង ថ្វាយ..។
ថ្ងៃទាំងបីនៃបុណ្យចូលឆ្នាំគឺ :
- ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា។
- ថ្ងៃទី២ : កូនចៅជូន សំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ រឺអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។
- ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចគេនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀត គឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាមជាដើម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្ដាលទីធ្លាដែលគេ បានកំណត់ រួចពូនឲ្យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មតហៅថា «វាលុកចេតិយ» គឺតំណាងឲ្យព្រះចូឡាមណីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេស និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ។
ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកសាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។
នៅជុំវិញភ្នំគេមានធ្វើរាជវ័តិ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តិគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវ័តិ គេរៀបរានធំៗបីទៀត សម្រាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការការ រានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផលានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សម្អាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះ ថាជា ថ្ងៃមហាសង្រ្កាន្ត។ នៅពេលនោះ ប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អ ទៅដោយភ្លើងចម្រុះពណ៌ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។
នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន។ បន្ទាប់ពីនោះ ពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថា នឹងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។
នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ័នបត ប្រជាជនបាននាំគ្នាទៅវត្តអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។
លើសពីនេះទៅទៀត ក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា ៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្តអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំខ្មែរដែរ។
អត្ថន័យនៃបុណ្យចូលឆ្នាំខ្មែរ
តាមជំនឿ ខ្មែរកំណត់យកពេលបុណ្យចូលឆ្នាំថ្មី នៅខែមេសា គឺចំខែចែត្រ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន្ត។
ខ្មែរមានជំនឿថា ក្នុងអំឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្ត ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសេរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅទីឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនឹករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ។
អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះគេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព។
ប្រភព៖cambodiapiece




