"ជាអ្នកធ្វើការ
ការងារដំបូងដែលចាប់ផ្ដើមធ្វើកុំឱ្យលើសពី ៣ឆ្នាំ
ធ្វើបណ្ដើររៀនបណ្ដើរ ពីរបៀបរកស៊ី ធ្វើយូរបំផុតត្រឹម៣ឆ្នាំ។
ប្រសិនបើធ្វើលើសពី៣ឆ្នាំនោះនឹងចាប់ផ្ដើមលង់នឹងការងារ
នៅពេលដែលលង់នឹងការងារហើយ
នោះមិនអាចធ្វើអ្វីបានក្រៅពីការងារទេ"។
នេះជាការលើកឡើងរបស់លោក គឹម ហ៊ាង ជាប្រធានសមាគមវាយតម្លៃ
និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធី
"ស្ថាបនាធនធាន (Wealth Building)" ដែលរៀបចំដោយក្រុមហ៊ុន 360 ads
& events ។
លោក គឹម ហ៊ាង បន្ថែមទៀតថា "ប្រសិនបើអ្នកចាប់ផ្ដើមធ្វើការងារ
ជាយោបល់របស់ខ្ញុំ កុំលង់ស្នេហ៍នឹងការងារ
ពីព្រោះបើសិនជាអ្នកធ្វើការងារលង់នឹងការងារ
អ្នកមិនអាចរីកចម្រើនបានទេ"។ លោកបន្តទៀតថា
គ្មានក្រុមហ៊ុនណាហ៊ានឱ្យប្រាក់ខែបុគ្គលិករាប់ពាន់ដុល្លារ
ទៅទិញឡាន ទិញផ្ទះនោះទេ។ ដូច្នេះធ្វើការ ដើម្បីចង់មានលុយទិញឡាន
ទិញផ្ទះគឺមិនអាច។
ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់ទៀតថា
ប្រសិនបើចង់មានគួរធ្វើការត្រឹម
៣ឆ្នាំយ៉ាងយូរបំផុតហើយមករកស៊ីវិញ។ លោកប្រាប់ថា
ក្នុងប្រទេសកម្ពុជាមានមុខរបរ៣កំពុងត្រូវប៉ាន់មានដូចជា
មុខរបរដីធ្លី (Real Estate) ហិរញ្ញវត្ថុ និងការសាងសង់។
មុខរបររកស៊ីទាំងនេះកំពុងមានតម្រូវការខ្លាំង ទោះក្នុងរយៈពេល
១០ ឬ២០ឆ្នាំទៅមុខទៀតក៏មិនចេះរីងស្ងួត។
ប៉ុន្តែលោកមិនបានបញ្ជាក់ពីរបៀបនៅក្នុងការរកស៊ីលើមុខរបរទាំង៣នេះនៅឡើយទេ។
ក្រៅពីមុខរបរ ៣កំពុងត្រូវប៉ាន់ខាងលើ
លោកប្រាប់មានមុខរបរដែលកំពុងត្រូវប៉ាន់ដែរនោះ គឺការអប់រំ
ម្ហូបអាហារ ភេសជ្ជៈ និងការលំហែកម្សាន្ត។
មុខរបរទាំងនេះសុទ្ធតែមានទីផ្សារមិនចេះរីងស្ងួត។
លោកបញ្ជាក់ថា
មុខរបរទាំងនេះសុទ្ធតែអាចក្លាយជាអ្នកមានគួរហ៊ានសាកល្បង
ប៉ុន្តែរកស៊ីអ្វីក៏ដោយសូមកុំរកស៊ីមុខរបរណាប៉ះពាល់ដល់សង្គម
និងបងប្អូនប្រជាពលរដ្ឋខ្មែរ៕
ប្រភព៖ sabay