ជនជាតិដើម​ភាគតិច​ជង​ខេត្តកោះកុង ត្រេកអរជាខ្លាំង និង ​ថ្លែងអំណរគុណដល់ ​សម្តេច​ ហ៊ុន សែន​ លុប​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​…


​ភ្នំពេញ ​៖ ​គណៈកម្មការ សហគម​ន៍ជនជាតិដើម​ភាគតិច​ជង ខេត្តកោះកុង​នឹង​រៀបចំ​វេទិការ​សាធារណៈ មួយ​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ភូមិ​ជំ​នប់ ឃុំ​ជំ​នប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ដើម្បី​ថ្លែងអំណរគុណ​សម្តេច​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លុប​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​។​

យោងតាម​សេចក្តីប្រកាស​ពត៌មាន​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៦​ ខែមីនា​របស់​គណៈកម្មកា​រ សហគម​ន៍​ជនជាតិដើម​ភាគតិច​ជង ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ​«​ក្នុងនាម​ឲ្យ គណៈកម្មការ សហគម​ន៍ជនជាតិដើម​ភាគតិច​ជង ខេត្តកោះកុង សូម​គោរព​ជូន​ដំណឹង​ថា យើងខ្ញុំ​គ្រោង​រៀបចំ​វេទិការ​សាធារណៈ មួយ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ភូមិ​ជំ​នប់ ឃុំ​ជំ​នប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​»​។
តាម​សេចក្តីប្រកាស​ពត៌មាន​ដដែល​បាន​បន្តថា​វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចំនួន​៣ ​គឺ ៖
​ទី​១. សេចក្តី​ថ្លែងអំណរគុណ​សម្តេច​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លុប​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​អា​រ៉ែ​ង។
​ទី​២. បង្ហាញ​ពី​ការរំលោភ​សិទ្ធិប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ទាក់​ទង នឹង​មុខរបរ​ចិញ្ចឹមជីវិត។
​ទី​៣. សំណើ​សុំ​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​ជូន​ជនជាតិដើម​ភាគតិច​ជង​។​

ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល ​ដែល​មិន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង ធ្វើឡើង​ក្នុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី នា​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ​ឆ្នាំ​២០១៧​កន្លងទៅ​។ ព័ត៌មាន​នេះ​ដំបូង​ឡើយ​ត្រូវ​ប្រកាស​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាម​ហ្វេ​ស​ប៊ុ​ក របស់លោក​។ លោក ខៀវ កាញារីទ្ធ សរសេរថា «​សម្តេច​ ហ៊ុន សែន សម្រេច​ថា តំបន់​អា​រ៉ែ​ង មិនត្រូវ​ធ្វើ​វា​រី​អគ្គិសនី​ទេ តែ​ត្រូវ​ធ្វើជា​តំបន់​ទេសចរណ៍ធម្មជាតិ​វិញ​»​៕





 ប្រភព៖ realnewscambodia