ឈាម​ស្រែក​ស្បែក​ហៅ…ជនសង្ស័យ​ម្នាក់ ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា ទៅលើ​ក្រុមគ្រួសារ​មួយ ព្រមទាំង​សំលាប់​ទារិកា​ម្នាក់​ផង​នោះ ត្រូវបាន​ចាប់ខ្លួន​ហើយ


ខេត្តបាត់ដំបង ៖ នេះ​ពិតជា ឈាម​ស្រែក ស្បែក​ហៅ​មែន ជនសង្ស័យ​ម្នាក់​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ក្រុមគ្រួសារ​មួយ ព្រមទាំង​បានសំលាប់​ទារិកា​ម្នាក់​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​មោងឫស្សី​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​រត់គេចខ្លួន​ពី​ស្រុក​សំពៅ​លូន មក​សំងំ​លាក់ខ្លួន​នៅក្នុង​ទឹកដី​ស្រុក​មោងឫស្សី ។ ពិតជា​ឈាម​ស្រែក ស្បែក​ហៅ​មែន គួរ​បញ្ជាក់ដែរថា កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច​ភូមិ​គីឡូ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន​មួយ បានកើត​ឡើងទៅ​លើ​ក្រុមគ្រួសារ​មួយ ដែល​ទំនង​បណ្តាលមកពី​ការចង់​ចាប់រំលោភ ទៅលើ​ក្មេងស្រី​អាយុ១១ឆ្នាំ​មិនបាន​សម្រេច ។

ស្ត្រី​រងគ្រោះ​ឈ្មោះ ប្រាក់ ផល្លា អាយុ៣០ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ បាន​រៀបរាប់ថា នៅពេលដែល​ឮ​កូនស្រី​របស់​នាង​ស្រែក​នៅក្នុង​បន្ទប់ទឹក​បែបនេះ នាង​ក៏បាន​ដាក់​កូនតូច​អោយ​ដេក​ជាមួយ​បងប្រុស​វា​នៅក្នុង​មុង រួច​ក៏​ចុះមក​ដី​ឃើញ​កូនស្រី​ប្រាប់ថា ពូ សី ចាប់ខ្លួន​ខ្ទប់មាត់ អោយនៅ​អោយ​ស្ងៀម ទើប​ខ្លួន​ខំប្រឹង​រើបម្រះ​ចេញមក​ខាងក្រៅ ។

នៅពេល​នោះដែរ គេ​បានឮ​សំលេង​ក្មេងស្រី​ឈ្មោះ សួន ស្បៃ អាយុ១១ឆ្នាំ​ស្រែក​នៅក្នុង​បន្ទប់ទឹក ខាងក្រោយ​ផ្ទះ​ ដោយ​អ្នកភូមិ​ស្មានថា ម្តាយ​​វ៉ៃ​ដោយសារតែ​កូនស្រី​រូបនោះ​មិន​ព្រមទៅ​ងូតទឹក ។ សាក្សី​បាន​បន្តថា លុះ​នៅ​ពេលឮ​ស្រែក​ជា​លើក​ទី២ អ្នកភូមិ​ក៏បាន​ស្ទុះ​ចេញមក ឃើញ​ឈ្មោះ ហុង ពិសី ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ដើរ​ចេញមក ពី​ក្នុង​បន្ទប់ទឹក​ហើយ​បាន​យក​វត្ថុ​អ្វី​ម្យ៉ាង​មក​វាយ​លើ​អ្នកជិតខាង​នោះ​តែម្តង បណ្តាលអោយ​រងរបួស ភ្លាមៗនោះដែរ​ក៏មាន​រឿង​កើតឡើង​ជាមួយនឹង​ម្តាយ​ក្មេងស្រី​នោះ​ថែមទៀត រហូត​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដោយសារតែ​ជនបង្ក​រូបនេះ បាន​លប​ចូលទៅ​សំលាប់​ទារិកា​ដែល​កំពុង​ដេក​នៅក្នុង​មុង​ខាងលើ​ផ្ទះ ។

ស្ត្រី​រងគ្រោះ​បាន​បន្តថា ភ្លាមៗនោះដែរ​ជនសង្ស័យ​ឈ្មោះ សី បាន​ស្ទុះ​មក​វ៉ៃ​ខ្លួន ព្រមទាំង កូនស្រី​ផង ដោយ​គេ​បាន​ប្រើប្រាស់​ដុំឥដ្ឋ​ចំនួន​ពីរ​ដុំ ដែល​បណ្តាលអោយ​ពីរ​នាក់​ម្តាយ និង​កូនរង​របួស​ត្រង់​ក្បាល​ដូចគ្នា ហើយ​នាង​ក៏បាន​នាំ​កូនស្រី​រត់ចេញ​ទៅ​ក្រៅ​ផ្ទះ ដើម្បីអោយ​ផុតពី​ការប្រើ​ហឹ​ង្សា​បែបនេះ ប៉ុន្តែ​ការ​សំងំ​ក្រៅ​ផ្ទះ​បាន​ប្រហែល ១៥ នាទី​ប៉ុណ្ណោះ​ទើបនឹង​ឃើញ​ដល់​កូនតូច​ពីរ​នាក់​ដែល​កំពុង​ដេក​ក្នុង​មុង​ខាងលើ​ផ្ទះ ។ នៅពេល​រត់ឡើង​ដល់​ខាងលើ​ផ្ទះ​គឺ​នាង​មាន​អារម្មណ៍​ស្លុត​ដោយសារតែ​ឃើញ​មុង​ដែល​កូន តូចៗដេក​ត្រូវ​ដាច់​ខ្ទេចខ្ទី ពេល​បើក​មុង​ឡើង​ឃើញ​កូនស្រី​តូច​ឈ្មោះ សួន នុត អាយុ​ជាង​មួយខែ មាន​ហូរឈាម​តាម​មាត់ និង​ច្រមុះ រីឯ​កូនប្រុស​បង​ឈ្មោះ សួន ធិ​ត អាយុ៤ឆ្នាំ ឮ​សម្រែក​តែ​បន្តិច​ក៏​ស្ងាត់​មាត់​ទៅវិញ ទើប​ខ្លួន​បាន​ត្រកង​កូន​ទាំងពីរ​ចុះមក​ដី ពឹងពាក់​ម៉ូតូ​អ្នកភូមិ​អោយជួយ​ដឹក​មក​កនា់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ទើប​ដឹងថា​កូនស្រី​បាន​ស្លាប់​បាត់ទៅហើយ ក្រោម​សម្ពាធ​នៃ​ដុំឥដ្ឋ​របស់​ជនសង្ស័យ​រូបនោះ ។

ប្រភព៖  realnewscambodia