វប្បធម៌ក្នុងការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីបុរាណតែងផ្សារភ្ជាប់ជាមួយជំនឿ គោរពព្រលឹង ដូនតា អរុក្ខអារក្ស ខ្មោចព្រាយបិសាច ដែលមើលមិនឃើញប៉ុន្តែខ្មែរពីបុរាណត្រូវជឿ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះសូម្បីតែការដាក់ឈ្មោះឱ្យកូនចៅ ក៏ចាស់ៗពីជំនាន់មុនមានជំនឿថា បើដាក់ឈ្មោះមិនបានល្អនឹងនាំមកនូវឧបទ្រពចង្រៃ ខ្មោចតាមយាយី។
លោកតា គង់ ណេរ ប្រាប់ទៀតថា មូលហេតុដែលដូនតាខ្មែរពីបុរាណមិនរកឈ្មោះពីរោះៗដាក់ឱ្យកូនចៅ ព្រោះមានជំនឿតៗគ្នាតាំងពីបុរាណមកម្ល៉េះ ប៉ុន្តែមិនមានជាការចងក្រងឯកសារអ្វីទេ គ្រាន់តែដឹងតៗគ្នាហាមមិនឱ្យដាក់ឈ្មោះពីរោះៗឱ្យកូនចៅ។ ជំនឿនៃការដាក់ឈ្មោះអាក្រក់របស់ដូនតាខ្មែរមានដូចជា៖
ខ្លាចគេស្រឡាញ់៖
លោកតានិយាយថា ខ្លាចគេស្រឡាញ់ត្រង់ចំណុចនេះ មិនមែនសំដៅខ្លាចមនុស្សស្រឡាញ់ទេ។ ដូនតាខ្មែរខ្លាចថា បើដាក់ឈ្មោះពីរោះៗទៅ ខ្លាចខ្មោច ព្រាយ បិសាចស្រឡាញ់ ហើយយកទៅនៅជាមួយ។ ដូច្នេះហើយបានជាលោកតា លោកយាយ ពីជំនាន់មុនមិនហ៊ានដាក់ឈ្មោះពីរោះៗទេ ខ្លាចខ្មោចស្រឡាញ់នេះឯង។
រូបតំំណាង
លោកតា គង់ ណេរ ប្រាប់ថាកាលជំនាន់ឪពុកលោកតា ដាក់តែឈ្មោះខ្លីៗ អាក្រក់ៗ បែបនេះដើម្បីឱ្យខ្មោចខ្ពើម កាលណាខ្មោចខ្ពើមហើយ មិនហ៊ានមកកាច់ ឬមកធ្វើអីកូនចៅបានទេ។ លោកតាប្រាប់ទៀតថា ជាក់ស្ដែងខ្មែរពីចាស់ៗពីជំនាន់ដើមចូលចិត្តថាឱ្យកូនចៅ "អាខ្មោចខ្ពើម" និយាយបែបនេះដើម្បីកុំឱ្យកូនចៅឈឺ ឬកុំឱ្យខ្មោចនាំ។
ខ្លាចឈឺ៖
លោកតាបន្ថែមទៀតថា ឱ្យតែគ្រួសារណាដាក់ឈ្មោះពីរោះៗ ឱ្យកូនចៅ តែងឈឺនេះ ឈឺនោះ មិនសូវជានាប៉ុន្មានឡើយ។ ដូចនេះខ្មែរពីបុរាណគិតថា មកពីដាក់ឈ្មោះឱ្យពីរោះពេក បានចេះតែឈឺនេះឈឺនោះ។ ហេតុដូចនេះហើយឱ្យតែចាស់ពីមុនកម្រមានអ្នកឈ្មោះវែងណាស់ ហើយចាស់ៗតែងនិយាយលេងថា "ឈ្មោះខ្មោចងាប់ម៉ាគគោកមិនយកមកដាក់" ព្រោះមិនចង់ឱ្យកូនចៅដាក់ឈ្មោះពីរោះៗនេះឯង៕
ប្រភព៖ sabay

