លោកស្រី លាភ ដាណេ វ័យ ៤២ឆ្នាំ ជាអាជីវករលក់គ្រឿងម្ជូរគ្រប់ប្រភេទនៅម្តុំវត្តភ្នំ អាចរកចំណូលបានចន្លោះពី ១៦០លានរៀល ដល់ ២០០លានរៀល (៤ ទៅ ៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយខែ។
តាមរយៈបទសម្ភាសន៍រវាង លោកស្រី លាភ ដាណេ ជាមួយនឹង ពាណិជ្ជកម្មកម្ពុជា (Business Cambodia) លោកស្រីបានមានប្រសាសន៍ឲ្យដឹងថា៖ លោកស្រីបានចាប់ផ្តើមប្រកបរបបលក់គ្រឿងម្ជូរនេះ ចាប់តាំងពីលោកស្រីនៅវ័យក្មេងមកម្លេះ។
ក្រោយពីបានអភិវឌ្ឍន៍អាជីវកម្មរបស់លោកស្រី ឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់ លោកស្រី អាចធ្វើឲ្យអាជីវកម្មនេះ មានគេកោតសសើរមិនដាច់ពីមាត់ និងនឹកស្មានមិនដល់ថាគ្រាន់តែលក់ម្ជូរ អាចរកចំណូលបានយ៉ាងច្រើនបែបនេះ។
កត្តាដែលធ្វើឲ្យអាជីវកម្មរបស់លោកស្រី អាចយកឈ្នះលើដៃគូប្រកួតប្រជែងបាន ដោយសារតែលោកស្រីផ្តោតលើការទទួលបានប្រាក់ចំណេញតិច តែមានស្ថេរភាពយូរអង្វែង និងផ្តោតលើកំណើនៃអតិថិជនជាចម្បង។
អាជីវករ លាភ ដាណេ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ ជាធម្មតា លោកស្រីអាចលក់ម្ជូរបានចន្លោះពី ១តោន ទៅ ជាង២តោន ក្នុងមួយថ្ងៃ ដែលអាចឲ្យលោកស្រីរកចំណូលបានប្រមាណពី ៥លាន ទៅជិត ១០លានរៀលក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត លោកស្រី បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ចន្លោះពី ១០ ទៅ ២០នាក់ ជាមួយនឹងប្រាក់ខែសមល្មមផងដែរ។
លោកស្រី លាភ ដាណេ បានណែនាំដល់អាជីវករទាំងឡាយថា៖ “ការចាប់ផ្តើមអាជីវកម្ម មិនអាចមើលឃើញតែប្រាក់ចំណូលនោះទេ តែអ្នកក៏ត្រូវគិតដល់សុវត្ថិភាព សុខភាពអតិថិជនរបស់អ្នកផងដែរ។” តួយ៉ាង ដូចជាលោកស្រីជាដើម លោកស្រីតែងតែកម៉្មង់ទិញកាពិ ប្រហុក ពីខេត្តកំពត ដែលសុទ្ធមិនមានលាយថ្នាំ ឫ អ្វីផ្សេងដែលអាចប៉ះពាល់ដល់សុខភាពអ្នកដទៃឡើយ បើទោះបីជាតម្លៃហាក់ថ្លៃជាងទីផ្សារបន្តិចក៏ដោយ។
គួរបញ្ជាក់ផងដែរថា តូបលក់ម្ជូរវត្តភ្នំ ១៦៨ មានទីតាំងស្ថិតនៅខាងក្រោយវត្តភ្នំ ខាងឆ្វេងមន្ទីរពេទ្យគន្ធបុប្ផា មានលក់គ្រឿងម្ជូរគ្រប់ប្រភេទ ជាមួយនឹងតម្លៃថោកសមរម្យ។ ពេលបានញ៉ាំហើយ ចង់ទៅទិញញ៉ាំម្តងទៀត ពិសេស មានអ្នកលក់ដែលមានភាពរួសរាយ និងមានអំបិលច្រើនប្រភេទណាស់៕
អត្ថបទដោយ៖ MENG SONGHUA
ប្រភព៖https://www.business-cambodia.com/article/27149