ម្តាយទៅសុំថ្នាំដាក់ភ្នែកទារកអាយុ១០ថ្ងៃ គ្រូពេទ្យឲ្យថ្នាំផឹក៦ម៉ោងស្លាប់
ខេត្តកំពង់ស្ពឺ ៖ ទារកទើបតែកើតបានរយៈពេល១០ថ្ងៃ មានជំងឺភ្នែក ត្រូវបានម្តាយយកមកព្យាបាលនៅមន្ទីពេទ្យបង្អែក«ទួលអំពិល» ពេលនោះអ្នកគ្រូពេទ្យពិនិត្យរួច យកថ្នាំឲ្យទារកដែលមានជំងឺនោះផឹក ស្រាប់តែល្ងាចឡើងទារកបានដាច់ខ្យល់ស្លាប់ ក្រោយពេលលេបថ្នាំបាន៦ម៉ោងប៉ុណ្ណោះ ធ្វើឲ្យស្ត្រីជាម្តាយនិងឪពុករបស់ទារកស្រែកទ្រហ៊ោយំ ស្ទើរឆ្កួត ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ មីនា ២០១៧ ស្ថិតនៅក្នុង ភូមិផាន ឃុំទួលអំពិល ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពពីម្តាយរបស់សពទារកបានឲ្យដឹងថា ទារកដែលស្លាប់នោះ ឈ្មោះ លី ចាន់ចម្រើ អាយុ១០ថ្ងៃ និងស្ត្រីកូនខ្ចី ឈ្មោះ ផុន សារី អាយុ២៤ឆ្នាំ មានកូន២នាក់ កូនប្រុសបងអាយុ៣ឆ្នាំ និងប្តីឈ្មោះ ចាន់ ភារុន អាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្ររស់នៅ ភូមិផាន ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ស្ត្រីឈ្មោះផុន សារី ជាម្តាយទារកបានរៀបរាប់ពីដំណើររឿងអោយដឹងថា កូនរបស់គាត់ទើបតែកើតបានត្រឹម១០ថ្ងៃ បានកើតជំងឺឈឺភ្នែក រូបនាងក៏បាននាំកូនទៅ «មណ្ឌលសុខភាពទួលអំពិល» កាលពីម៉ោង១១ថ្ងៃទី២៣ មីនា ដើម្បីសុំថ្នាំដាក់ភ្នែក ពេលមកដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យបានពិនិត្យហើយឆ្លើយថា មិនមានឈឺភ្នែកអីទេ កូននឹងក្តៅខ្លួនហើយ រួចហើយក៏បានឲ្យថ្នាំមួយមុខប្រភេទស៊ីរ៉ូ យកឲ្យទារកផឹកទៅនៅម៉ោង១១ថ្ងៃម្តង និងម៉ោង៩យប់ម្តងទៀត ។
ប្រភពដដែលបានបន្តថា នៅថ្ងៃដដែលក្រោយស្តាប់ការណែនាំរបស់គ្រូពេទ្យ រូបគាត់ក៏បានច្រកថ្នាំម្តងអោយកូននៅម៉ោង១១ថ្ងៃត្រង់ ក្រោយផឹកថ្នាំរួចកូនរបស់គាត់បានដេកលក់ នៅម៉ោង៥ល្ងាច រូបគាត់បានដាស់កូនឲ្យបោះដោះ ពេលនាងលើកកូនមកបីទើបដឹងថា កូនតូចបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនដាច់ខ្យល់ស្លាប់តាំងពីពេលណា ធ្វើអោយរូបគាត់មានការតក់ស្លុតយ៉ាងខ្លាំង បានស្រែកទ្រហ៊ោយំស្ទើរសន្លប់ ។
ក្រោយទារកស្លាប់ ឳពុកម្តាយរបស់សពបានទៅសួរនាំក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទួលអំពិលថា កូនអាយុ១០ថ្ងៃ ហេតុអីក៏អោយថ្នាំកូនគាត់ផឹករហូតដល់ស្លាប់ គ្រាន់តែភ្នែកឈឺប៉ណ្ណឹង? ក្រុមគ្រួពេទ្យឆ្លើយ កុំនិយាយអ៊ីចឹង កូនគេកើតភ្លាមក៏អាចផឹកថ្នាំនឹងបានដែរ! ហាមនិយាយបន្ទោសលើថ្នាំ ហើយគំរាមថា បើនិយាយគ្រូពេទ្យនឹងប្តឹងដាក់គុកក្រុមគ្រួសារសពទារកទៀតផង ។ ចំណែកឯមន្ត្រីប៉ូលិសវិញបានមកសម្របសម្រួលជាមួយគ្រួសារនៃសពដោយពាំនាំយកប្រាក់ចំនួន២០ម៉ឺនរៀល ហើយប្រាប់ថា យកលុយនឹងធ្វើបុណ្យសពកូនទៅ… កុំប្តឹងផ្ដល់អី! បើប្តឹងមិនអោយយកសពទារកទៅបូជានោះទេ ទុករហូតដល់ដោះស្រាយរឿងចប់ ហើយមិនដឹងពេលណាទេ ។
ស្ត្រីរងគ្រោះបានក៏សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ និងក្រសួងសុខាភិបាល មេត្ដាជួយរកយុត្តិធម៌ផង និងសុំចុះមកពិនិត្យមើលក្រុមគ្រូពេទ្យដែលគ្មានជំនាញទាំងនេះផង ។ ទោះជាយ៉ាងណា អង្រុតនៅមិនទាន់អាចសុំការបកស្រាយបំភ្លឺពីប្រធានមណ្ឌលសុខភាពទួលអំពិលបាននៅឡើយនោះទេ នាល្ងាចថ្ងៃទី២៥ មីនានេះ៕
ប្រភព៖https://angrut.com/archives/8570


