ស្នេហាអាចជារឿងលេងសើចសម្រាប់បុរសមួយចំនួន តែសម្រាប់មនុស្សស្រីដូចជាខ្ញុំ មិនដែលមើលងាយស្នេហាម្ដងណាទេ។ មិនដឹងថាកម្មពារអី បានជារឿងដ៏ឈឺចាប់នេះបានធ្លាប់មកលើខ្ញុំទាំងដែលមិនដឹងខ្យល់អីសោះបែបនេះ?
រូបតំណាង
ប៉ុន្មានខែមុនខ្ញុំបានស្គាល់បុរសម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគាត់ជាអ្នកចាប់ផ្ដើម add និងឆាតមកមុន។ ហេតុតែខ្ញុំជាមនុស្សស្រីសាមញ្ញ និងគ្រាន់ជាកម្មការិនីរោងចក្រធម្មតាមិនសូវមានចំណេះដឹងទូលំទូលាយ ពិសេសផ្នែកភាសាបរទេស ទើបសម្រេចចិត្តទទួលគាត់ជាមិត្ត ទាំងទាន់ហន់។ ទំនាក់ទំនងយើងផ្ដើមពីការតេតាមហ្វេសប៊ុក រហូតដល់បានសុំលេខទូរស័ព្ទ មិនដល់មួយអាទិត្យផងពួកយើងបានក្លាយជាសង្សារគ្នា។ វាមិនមែនជារឿងចៃដន្យទេ ដែលមនុស្សស្រីវ័យ ១៩ឆ្នាំមកលង់ស្រលាញ់បុរសសម្ដី ផ្អែម វ័យខ្ទង់៤៥ឆ្នាំបែបនេះ។ ដោយអំណាចនៃទឹកប្រាក់ អមនិងពាក្យលោមលួងធ្វើឲ្យក្មេងស្រីស្រុកស្រែដូចខ្ញុំលង់ផុងអស់ខ្លួនប្រាណ។
ពាក្យសន្យា
«វុទ្ធី៖ បងសន្យាមិនបោះបង់អូនទេ ព្រោះអូនបានលះបង់ខ្លួនប្រាណដ៏បរិសុទ្ធជូនបង អូនពិតជាល្អជាងមនុស្សស្រីដែលបងបានជួបពីមុន»។ពាក្យប៉ុន្មានឃ្លាខាងនេះធ្វើឲ្យខ្ញុំធូរស្បើយភាពតានតឹងដែលបានក្បត់នឹងគ្រួសារហ៊ានប្រហារព្រហ្មចារីខ្លួនជូនបុរសទើបស្គាល់។
សន្យាបានត្រឹមតែសន្យា តាំងពីថ្ងៃនោះមកគាត់ផ្ដើមប្រែប្រួល មិនសូវខ្វល់ឬទាក់ទងមកខ្ញុំទេ ថែមទាំងនិយាយថា៖ បើគ្មានការអីចាំបាច់ទេ អូនមិនបាច់ ឆាត ឬតេទូរស័ព្ទមកបងទេ ព្រោះបងឥលូវរវល់ការងារណាស់។
ពាក្យនេះវាស្រាលដូចសំឡីតែមានន័យដូចថ្នាំពុល បំពុលមនុស្សស្រីម្នាក់ដែលកំពុងងប់ងុលនឹងផ្លូវស្នេហ៍គ្មានទិសដៅ។គាត់អាចមករកខ្ញុំតែពេល គាត់ចង់គេងនៅជាមួយខ្ញុំប៉ុណ្ណោះពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនដូចស្រីបម្រើកាមតណ្ហាអញ្ចឹង។ មិនដល់មួយខែផង ខ្ញុំទទួលបានភាពឈឺចាប់ដែលមិននឹកស្មានដល់ វាឈឺដល់ថ្នាក់គ្មានទឹកភ្នែកសម្រាប់ហូរ បេះដូងសឹងឈប់លោតត្រចៀកទាំងពីសឹងតែចង់ថ្លង់ ព្រោះតែឮពាក្យមួយ៖
«វុទ្ធី៖ ស្រីមុំ នេះលុយមួយចំនួន បងឲ្យអូនអូនយកវាទៅទុកធ្វើរបបរកស៊ីចុះ ព្រោះបងត្រូវបែកពីអូនហើយ គ្រួសារបងឲ្យបងទៅរៀននៅបរទេស បងមិនអាចបដិសេធបានទេ»។ និយាយចប់គាត់ដើរចេញ ទាំងគ្មានក្ដីអាណិតអាសូរដល់បេះដូងស្រីម្នាក់ដែលស្មោះជាមួយគាត់មិនដែលគិតប្រែ។
ខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមពីណាទៅទេ ភ្នែកសម្លឹងមើលលុយដែលគាត់ទុកឲ្យ។
លុយ? ខ្ញុំអត់ត្រូវការវាទេ ខ្ញុំត្រូវការមនុស្សដែលខ្ញុំស្រលាញ់ខ្ញុំចង់ទៅរកគាត់ ចង់ជួបគាត់សួរនាំឲ្យច្បាស់ពីរឿងនេះ ព្រោះព្រឹកមិញខ្ញុំគ្មានកម្លាំងតបត និងទទួលយកការពិតទេ។ សំនួរមួយចំនួនបានសួរមកខ្ញុំថា៖ «ស្រីមុំឯងស្គាល់ផ្ទះគេអត់? ស្គាល់បងប្អូនគេនូវ? តើឯងចង់ទៅរកគេដោយវិធីណា? ពឹងលើក្មេងស្រីអត់ចេះអី ដូចឯងហ្នឹងមែន»?
សំនួរទាំងនេះធ្វើឲ្យខ្ញុំកាន់តែវឹកវរ កាន់តែភ័យអ្វីដែលខ្ញុំធ្វើបានពេលនេះគឺតេទៅលេខគាត់តែប៉ុណ្ណោះ។ ក្នុងចិត្តបានត្រៀមសំណួរ និងពាក្យពេចន៍ជាច្រើន ដើម្បីនិយាយទៅកាន់គាត់ ។ តេតែម្ដងប៉ុណ្ណោះ គាត់លើកទទួលបេះដូងខ្ញុំចាប់ផ្ដើមបុកពោះកាន់តែភ័យ តែអ្វីៗបានប្រែប្រួល ១០០ភាគរយតែម្ដង...
ខ្ញុំ៖អាឡូ បង វុទ្ធី អូនចង់ជួបបង អូនមានពាក្យពេចន៍ជាច្រើនចង់ប្រាប់បង អូនចាំបងនៅបន្ទប់ជួលអូន បងមកជួបអូនផងណា ណាបងណា...។ ពាក្យតម្អូញតម្អែររបស់ខ្ញុំជាច្រើនដូចគ្មានន័យបន្តិចសោះ បន្ទាប់ពីមានការឆ្លើយតបមកវិញថា៖
«សុំទោសអូន.... អូនជាអ្នកណា? បងជាប្រពន្ធគាត់ម្ចាស់ទូរស័ព្ទ អូននិយាយពីអី? បងវុទ្ធីអី? ជួយប្រាប់បងឲ្យច្បាស់ជាងនេះផង»។ (សំឡេងមនុស្សស្រី វ័យខ្ទង់ ៤០ឆ្នាំ តបមកខ្ញុំបែបសំឡុត)
ព្រះអើយបងមានប្រពន្ធហើយ ម៉េចបងកុហកអូនដែលជាមនុស្សស្រីស្រុកស្រែមិនស្គាល់បរិយាកាសសង្គមដ៏ពិសពុលរបស់ពួកប្រុសអ្នកមានលុយ, មានអំណាច, យកទឹកលុយ មកបោកប្រាស់មនោសញ្ចេតនាមនុស្សស្រីល្ងង់ខ្លៅដូចខ្ញុំអញ្ចឹង។
ខ្ញុំគ្មានអ្វីតបត ក្រៅពីបិទទូរស័ព្ទ ដៃឧបក្បាលជង្គង់ហើយខ្ទប់មុនយំ។ ភ្លាមនោះទូរស័ព្ទខ្ញុំរោទ៍ឡើងម្ដងទៀត វាជាលេខបងវុទ្ធី ខ្ញុំលើកទទួលទាំងមិនញញើតមាត់៖ (បងវុទ្ធីនិយាយ) ស្រីមុំ ឲ្យបងសុំទោសផង ការពិតបងមានប្រពន្ធ និងកូនពីរហើយ សូមអូនកុំមករំខានជីវិតគ្រួសារបងអី បងមិនចង់ឲ្យប្រពន្ធ និងកូនបងមិនសប្បាយចិត្តនោះទេ បានហើយ ចាត់ទុកថាពួកយើងមិនដែលស្គាល់គ្នាទៅចុះ។
ពុទ្ធោ គ្រាន់តែពាក្យសុំទោសមួយមាត់ បងចង់ចាកចេញពីអូនដោយបែបនេះឬ? បងជាមនុស្សប្រុសអាក្រក់ឬមកពីអូនជាមនុស្សស្រីល្ងង់ខ្លៅ?
សាច់រឿងផ្ដល់ដោយ៖ ស្រីមុំ (កណ្ដាល)
អត្ថបទ៖ តាំង ដាលីន
ប្រភព៖ sabay
