ក្រៅពីសហភាពអឺរ៉ុប ដែលធ្លាប់ប្រុងប្រយ័ត្ន
និងរឹតបន្តឹងលើការនាំចូលសត្វបង្គាស្រស់ពីប្រទេសវៀតណាមនោះ
គឺកាលពីពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅ
ជប៉ុនក៏ធ្លាប់បានព្រមានបញ្ឈប់ការនាំចូលបង្គាស្រស់ពីប្រទេសវៀតណាមផងដែរ
ដោយសារជប៉ុនបានរកឃើញថាបង្គាវៀតណាមមានផ្ទុកសារធាតុគីមី
Oxytetracycline ខ្ពស់លើសកម្រិតកំណត់
ព្រមទាំងជប៉ុនក៏ធ្លាប់បញ្ជូនបង្គាវៀតណាមត្រឡប់មកវិញទៀតផង ។ ឥឡូវនេះ
ដល់វេនប្រទេសអូស្ត្រាលីក៏បានចេញបម្រាមការនាំចូលបង្គាស្រស់ពីប្រទេសវៀតណាម
ដោយប្រទេសអូស្ត្រាលីអះអាងថា
បង្គាវៀតណាមជាប់សង្ស័យបង្កជំងឺធ្ងន់ធ្ងរ។

គេហទំព័រសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយនៅថ្ងៃទី១៧
ខែមីនា ឆ្នាំ២០១៧នេះឲ្យដឹងថា
ខាងភាគីប្រទេសវៀតណាមកំពុងធ្វើការតវ៉ាទៅនឹងបម្រាមនាំចូលបង្គារបស់វៀតណាមពីសំណាក់ប្រទេសអូស្ត្រាលី
។ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
និងឧស្សាហកម្មវៀតណាមបានបញ្ជាក់ឲ្យដឹងថា
ការដាក់បម្រាមរបស់ប្រទេសអូស្ត្រាលីលើការនាំចូលបង្គាពីប្រទេសវៀតណាមបានបង្កនូវផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មវារីវប្បកម្មប្រទេសវៀតណាម
និងនាំឲ្យអ្នកនាំចេញបង្គារបស់វៀតណាមដែលផ្តោតទៅលើទីផ្សារប្រទេសអូស្ត្រាលីនឹងប្រឈមជាមួយហានិភ័យខ្ពស់បំផុត
។
គួរបញ្ជាក់ជូនថា
កាលពីឆ្នាំ២០១៤កន្លងទៅដែលឧស្សាហកម្មនាំចេញបង្គារបស់ប្រទេសវៀតណាមមានបញ្ហាចម្រូងចម្រាស់ជាមួយប្រទេសជប៉ុននោះ
គឺការនាំចេញបង្គាស្រស់របស់វៀតណាមទៅកាន់ទីផ្សារប្រទេសជប៉ុនមានទំហំទឹកប្រាក់រហូតដល់ទៅជាង២ពាន់លានដុល្លារអាមេរិក
។ ដោយឡែក
ការនាំចេញទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីមានទំហំទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារអាមេរិក
៕
ប្រភព៖
DTN7