ភ្ជាប់ពាក្យរួចសឹមរៀបការ និង រៀបការតែម្ដងមួយណាប្រសើរជាង?
គូស្នេហ៍ជាច្រើនមុនពេលរៀបការ ពួកគេជ្រើសយកការភ្ជាប់ពាក្យសិនទើបរៀបការតាមក្រោយ ។ តែគូស្នេហ៍មួយចំនួនវិញមិនបែបនេះឡើយ គឺសម្រេចរៀបការតែម្ដង ព្រោះគេយល់ថា ការភ្ជាប់ពាក្យត្រូវចំណាយលុយច្រើនឥតអំពើ ចាំរៀបការតែម្ដងជួយឲ្យពួកគេចំណេញលុយ សល់ប្រាក់រកស៊ីក្រោយរៀបអាពាហ៍ពិពាហ៍។ ម្យ៉ាងទៀត គេយល់ថាចាំបញ្ចូលពិធីភ្ជាប់ពាក្យក្នុងពេលរៀបការតែម្ដងល្អជាង។
ដូច្នេះ រវាង ភ្ជាប់ពាក្យរួចចាំរៀបការ និង រៀបមង្គលការតែម្ដង មួយណាល្អជាង? ហើយបើរៀបការតែម្ដងដោយមិនបាច់ភ្ជាប់ពាក្យ អាចខុសប្រពៃណីឬទេ?
ទាក់ទិននឹងរឿងនេះ រ៉ាវី អាយុ ២៣ ឆ្នាំ និយាយថា បើសិនកញ្ញាមានគូស្រករដែលត្រូវដឹកដៃគ្នាចូលរោងជ័យ នាងនឹងជ្រើសយកពិធីរៀបការតែម្ដង ដោយមិនភ្ជាប់ពាក្យទេ។
អ្វីដែលជំរុញឲ្យអតីតនិស្សិតផ្នែកប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយដូច្នេះ ក៏ព្រោះនាងយល់ថា “ការភ្ជាប់ពាក្យមិនត្រឹមតែចំណាយលុយច្រើនឥតប្រយោជន៍ទេ ថែមទាំងជាចំណងគ្មានសេរីភាពថែមទៀត ព្រោះនៅពេលខាងប្រុសធ្វើអ្វីខុស មិនស្មោះត្រង់ យើងជានារីពិបាកសុំគេផ្ដាច់ពាក្យ ដោយសារខ្លាចខូចឈ្មោះ”។ មួយវិញទៀត កញ្ញាគិតថា ការរៀបការដោយគ្មានភ្ជាប់ពាក្យក៏មិនខុសប្រពៃណីអ្វីដែរ។
ចំណែក យុន សុផាលីណា អាយុ២៨ឆ្នាំ ដែលបានភ្ជាប់ពាក្យរៀបការរួចហើយ មិនឯកភាពអ៊ីចឹងឡើយ។ អ្នកនាងថាការរៀបចំឲ្យមានពិធីស្ដីដណ្ដឹងមុនរៀបការជួយឲ្យញាតិជិតខាងដឹងថា គូស្នេហ៍ទាំងពីរនោះមានគូគាប់រួចហើយ ដែលនឹងត្រូវជិតរៀបការ។
លើសពីនេះ ពីបរមបុរាណមកពិធីនេះមានយូរហើយ ហើយក៏មិនមែនមានតែអ្នកនាងម្នាក់ដែលបានរៀបចំធ្វើដែរ បងប្អូន ឪពុកម្ដាយនាងក៏មុនពេលរៀបការសុទ្ធតែភ្ជាប់ពាក្យសិនព្រោះបើរៀបការតែម្ដងខុសភ្នែកញាតិ ប្រាសចាកប្រពៃណី។
អ្នកនាងបានចំណាយលុយក្នុងពិធីភ្ជាប់ពាក្យអស់ ៦០០ ដុល្លារ បន្តថា៖ “សម័យឥលូវ យុវវ័យមួយចំនួន គាត់ចូលចិត្តអ្វីដែលងាយខ្លីឆាប់ ដោយពេលខ្លះ គាត់សឹងតែខ្ជិលមិនចង់រៀបការទៀត ត្រឹមចុះអ៊ីតាស៊ីវិល ដោយយកស្ទីលតាមអឺរ៉ុប។ បើគាត់គិតតែអ្វីដែលចំណេញហួសហេតុពេកបែបនេះ ថ្ងៃក្រោយទំនៀមទម្លាប់ក្នុងពិធីផ្សេងៗរបស់ខ្មែរបាត់បង់បន្តិចម្ដងៗ រហូតក្មេងជំនាន់ក្រោយលែងដឹងតែម្ដង”។
រីឯ លោក ប៉ូលីន អតីតនិស្សិតសាកលវិទ្យាល័យស៊ីតិច ជំនាញIT បញ្ចេញយោបល់ថា រវាងភ្ជាប់ពាក្យមុនរៀបការ និងរៀបការតែម្ដង វាមានចំណុចល្អនិងអាក្រក់ផ្សេងគ្នា អាស្រ័យលើបុគ្គល។ ប្រសិនជាពួកគាត់ស្រលាញ់គ្នាយូរហើយ និងមានគម្រោងរៀបការពិតប្រាកដ ២ ឬ ៣ ឆ្នាំទៀត គាត់គួរមានពិធីភ្ជាប់ពាក្យ ចៀសវាងអ្នកជិតខាងនិយាយដើមមិនល្អថាជាសង្សារបណ្ដើរតែគ្នា។ បើជាគូដណ្ដឹងហើយ ទោះមិនទាន់រៀបការភ្លាមៗ ក៏វាជាការផ្ដល់តម្លៃសេចក្ដីថ្លៃថ្នូរដល់ឪពុកម្ដាយទាំងសងខាង និងខាងស្រីផងដែរ។
លោកមិនហ៊ានអារកាត់ថាភ្ជាប់ពាក្យអាចជារឿងឥតប្រយោជន៍នោះទេ ប៉ុន្តែបើរៀបចំចំណាយលុយខ្ជះខ្ជាយមានរៀបចំរោងធំដុំ នាំឲ្យខាតទទេ ព្រោះពិធីនេះគ្មានចំណងដៃមកវិញឡើយ។ បើធ្វើត្រឹមតែបង្គ្រប់កិច្ចសមល្មម ហៅអាចារ្យ ទិញផ្លែឈើនិងហៅញាតិមិត្តជិតស្និទ្ធប៉ុន្មាននាក់ចូលរួមបានហើយ។
ប្រភព៖nowkh

