ក្រោយពីព័ត៌មានដែលម្ចាស់ដើមអ្នកបទ "លលកវាយំ" ប្រតិកម្មក្នុងរឿងការយកបទលោកទៅផលិតថ្មី និងកែចំណងជើង និងប៉ារ៉ូលនោះ ពេលនេះ សាន់ដេ បានទទួលយកសំណើរពីម្ចាស់បទ ដោយកែចំណងជើងវិញហើយ។
យប់មិញនេះ សាន់ដេបានបង្ហោះសារមួយថា "ថ្ងៃនេះផលិតកម្ម សាន់ដេ សុំធ្វើការកែសម្រួលចំណងជើងបទ "លលកស្រីយំ" ទៅតាមបទដើម ដែលមានចំណងជើងថា លលកវាយំ ដែលម្ចាស់ដើមនិពន្ធបទភ្លេង និង ទំនុកច្រៀងឈ្មោះ រិត សុន្ទសារី (វ៉ែន សុន)”។
ឯវ៉ែន សុន ម្ចាស់បទដើមប្រាប់មកខាង Sabay ព្រឹកមិញនេះថា ខាងសាន់ដេ បានទូរស័ព្ទទៅធ្វើការសុំទោសលោករួចរាល់ និងព្រមព្រៀងកែប្រែចំណងជើងដូចបទដើមវិញ រួមទាំងប្រើឈ្មោះលោកជាអ្នក និពន្ធបទភ្លេង និង ទំនុកច្រៀង។
លោកបន្តថា "ត្រឹមប៉ុណ្ណេះខ្ញុំអស់ចិត្តហើយ រឿងគេយកទៅកែមានរ៉េបអី ពិរោះ មិនពិរោះស្រេចតែគេ ខ្ញុំមិនប្រកាន់ទេ"
គិតត្រឹមពាក់កណ្ដាលខែមីនដាដើមឆ្នាំ ២០១៧នេះ បទ "លលកស្រីយំ" ក្លាយជាបទទី២ ដែលសម្រេចផ្លាស់ប្ដូរចំណងជើងក្រោយមានការរិះគន់បន្ទាប់ពីបទ "រាំអញ្ចេក" របស់ហង្សមាស។ ក្រោយពីការរិះគន់ បទ "លលកស្រីយំ" បានប្ដូរទៅបទដើមវិញ "លលកវាយំ" ដោយបទ "រាំអញ្ចេក" បានប្ដូរមកបទ "រាំអីចេះ" វិញ៕
អត្ថបទ៖ Men Sokna
ប្រភព៖ sabay

