​អាថ៌កំបាំង​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​ពី​ស្ត្រី​ចំណាស់​ម្នាក់


មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មានសុភមង្គល​ចាប់​តាំង​ពី​​ក្មេងៗ​​​រហូត​ដល់​ចាស់​ៗ​រាង​ខ្លួន​។​ ពួក​គាត់​ទាំង​ពីរ​តែង​ចែក​រំលែក​​គ្រប់​រឿង​​ទៅ​វិញ​ទៅ​មក​មិនដែល​​លាក់​បាំង​គ្នា​ទេ​លើក​លែង​តែ​រឿង​មួយ​ប៉ុណ្ណោះ។​ ប្រពន្ធ​ចំណាស់​បាន​ប្រាប់​ប្ដី​ថា​មិន​ត្រូវ​បើក​ប្រអប់​ដែល​ខ្លួន​ទុក​នៅ​លើ​ដំបូល​ទូ​ខោអាវ​ជា​ដាច់ខាត។​ បុរស​ជា​ប្ដី​ក៏​មិន​ដែល​សួរ​នាំ​អី​ដែល​ព្រោះ​គិត​ថា​ប្រហែល​គ្រាន់​តែ​ជា​សម្ភារៈ​​​ប្រើ​ប្រាស់​ស្រី​ៗ​តែ​ប៉ុណ្ណោះ។​

ថ្ងៃ​មួយ​ លោក​យាយ​មាន​ជំងឺ​ជា​ទម្ងន់​ដែល​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ។ លោក​យាយ​បាន​ប្រាប់​លោក​តា​ឲ្យ​យក​ប្រអប់​នោះ​មក​ឲ្យ​គាត់​នៅ​មន្ទីរពេទ្យ​ព្រោះ​ដល់​ពេល​ដែល​ត្រូវ​បង្ហាញ​ការ​ពិត​ហើយ។

​​ បន្ទាប់​ពី​បើក​ប្រអប់​នោះ​ លោក​តា​ភ្ញាក់​ព្រើត​ព្រោះ​ឃើញ​ក្នុង​នោះ​មាន​កូន​តុក្កតា​ចាក់​ដោយ​ដៃ​ចំនួន​ពីរ​ និង​លុយ​ $ ៩៥, ០០០។ លោក​តា​​ សួរ​​លោក​យាយ​ទាំង​ឆ្ងល់​ថា​ តើ​បាន​លុយ​​ច្រើន​បែប​នេះ​មក​ពី​ណា? លោក​យាយ​ឆ្លើយ​ថា៖
«មុន​ពេល​រៀប​ការ​ លោក​យាយ​អូន​បាន​ប្រាប់​នូវ​​អាថ៌កំបាំង​​មួយ​​ដើម្បីឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​ជោគជ័យ ​​គឺថា​មិន​ត្រូវ​ឈ្លោះ​គ្នា​ទេ។ គាត់​ផ្ដាំ​ថា​ បើ​មាន​ជម្លោះ​កើត​ឡើង​ជាមួយ​ប្ដី​ ចៅ​ត្រូវ​អង្គុយ​ចុះ​ ហើយ​យក​អំបោះ​ចាក់​កូន​តុក្កតា​ដើម្បី​រំងាប់​អារម្មណ៍។»
បុរស​ចំណាស់​ពិត​ជា​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឮ​ពាក្យ​នេះ។ គាត់​សម្លឹង​មើល​ទៅ​ក្នុង​ប្រអប់​​ ឃើញ​កូន​តុក្កតា​តែ​ពីរ​ប៉ុណ្ណោះ​ក្នុង​នោះ​។ នេះ​បាន​ន័យ​ថា​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ចាប់​តាំង​ពី​គាត់​បាន​រៀប​ការ​ ហើយ​រួមរស់​ជាមួយ​គ្នា​មក​ ពួក​គាត់​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​តែ​ពីរ​ដង​ប៉ុណ្ណោះ។​
គាត់​អង្អែល​ស្មា​​ ហើយ​ថើប​​លោក​យាយ​ទាំង​រំជួល​ចិត្ត​សួរ​បន្ត៖
«ប៉ុន្តែ​ ចុះ​លុយ​ដ៏​ច្រើន​នេះ​អូន​បាន​មក​ពី​ណា?»
«អូហ៍!....» លោក​យាយ​ឆ្លើយ​ទាំង​ញញឹម «លុយ​នេះ​បាន​មក​ពី​ការ​លក់​កូន​តុក្កតា...៕» ​​​​ ​

ប្រភព៖ Brightside  
ប្រភព៖ kanha